(បន្ទាយមានជ័យ)៖ ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ បាននាំយកអំណោយលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ជូននិវត្តជន និងគ្រួសារកងទ័ព ដែលជួបការលំបាក ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែគិតគូរដល់សុខទុក្ខនិវត្តជន និងគ្រួសារកងទ័ពដែលជួបការលំបាក។ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ជានិច្ចកាលបានផ្តល់អំណោយ ជាគ្រឿងឧបភោគបរិភោក និងថវិកា ជួយសម្រួលការលំបាកផងដែរ។

ជាក់ស្តែងនៅថ្ងៃនេះនិវត្តជន និងគ្រួសារកងទ័ពចំនួន៥៧គ្រួសារ ទទួលបានអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគចំនួន៨មុខ និងថវិកាមួយចំនួន។

ក្នុងឱកាសនោះដែរនិវត្តជន និងគ្រួសារកងទ័ពទាំងអស់ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី មានសុខភាពល្អទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិនិងប្រជាជន។

ពួកគាត់ក៏បានប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនជារៀងនិរន្តតទៅ៕