(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជានៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ បានបិទបញ្ចប់បេសកកម្មរយៈពេល២១ថ្ងៃ នៅតាមបណ្តាខេត្តចំនួន ៨ ដែលបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ដោយសម្រេចបានការផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតសរុបចំនួន ៥,២៩២គ្រួសារ ដែលជាចាស់ឥតទីពឹង គ្រួសារជនជាតិភាគតិច ជនមានពិការភាព អតីតយុទ្ធជនពិការដោយសារសង្គ្រាមនិងរងគ្រោះថ្នាក់ដោយសារមីន ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍ ។

លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា «បេសកកម្មមនុស្សធម៌ខាងលើនេះ ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តាំងឱ្យមន្ត្រីនៃទីស្នាក់ការកណ្តាល បែងចែកជាពីរគោលដៅ ដោយគោលដៅទី១ ដឹកនាំដោយលោកស្រីផ្ទាល់ ចុះបំពេញការងារនៅខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ឧត្តរមានជ័យ និងខេត្តព្រះវិហារ, គោលដៅទី២ ដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ដែលចុះបំពេញការងារនៅខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ សម្រាប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ ជាថ្ងៃបិទបញ្ចប់បេសកកម្មនេះ ត្រឹមខេត្តព្រះវិហារ សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២៣០គ្រួសារ និងនៅខេត្តមណ្ឌលគិរី គ្រួសារជនជាតិភាគតិចសរុបចំនួន ៧២៥គ្រួសារ»

នៅចំពោះមុខលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ លោកស្រី ម៉ែន នារីសោភ័គ និងលោកវេជ្ជ. អ៊ុយ សំអាត បានពាំនាំនូវព្រះរាជបណ្តាំរបស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ និងនឹករលឹកជាទីបំផុត ជូនដល់បងប្អូនប្រជារាស្ត្រទាំងអស់ ដែលរស់នៅតាមតំបន់ឆ្ងាយដាច់ស្រយាលនេះ។

លើសពីនោះបានគូសបញ្ជាក់ថា «ថ្វីបើសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានធុរៈ និងកិច្ចការងារជាច្រើន ដែលមិនអាចអញ្ជើញមកជួបលោកយាយលោកតា ប្រជាពលរដ្ឋដោយផ្ទាល់ក៏ដោយ ក៏សម្តេចតែងតែផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទ ចុះពិនិត្យស្ថានភាពជាក់ស្តែងពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាពិសេសអ្នករស់នៅតំបន់ឆ្ងាយដាច់ស្រយាល និងជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដើម្បីដោះស្រាយជួយសម្រាលការលំបាក ជូនដល់អ្នកដែលត្រូវការឱ្យជួយជាចាំបាច់ទាំងនោះ ឱ្យបានទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលឡើយ»។

ជាមួយគ្នានោះ គណៈប្រតិភូទាំងពីរគោលដៅ បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានអញ្ជើញមកជួបប្រជាពលរដ្ឋជាថ្មីម្តងទៀត ព្រោះថាតំបន់ទាំងនេះ ជាតំបន់ដែលធ្លាប់ឆ្លងកាត់សង្រ្គាមកាលពីអតីតកាល គ្មានសន្តិសុខសុវត្ថិភាព និងគ្មានទាំងហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែពេលនេះមានសុខសន្តិភាព មានទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ស្អាតល្អ ថែមទាំងមានទេសភាពយ៉ាងស្រស់បំព្រងអមនៅតាមសង្ខាងផ្លូវ គួរឱ្យចង់ទស្សនាទៀតផង។ ទន្ទឹមនឹងនេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋ ដែលបានប្តេជ្ញាចិត្តក្នុងការចូលរួមពង្រឹង ថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសយើង ដើម្បីការអភិវឌ្ឍបន្តទៅមុខទៀតផងដែរ។

គណៈប្រតិភូកាកបាទក្រហមកម្ពុជា ក៏បានថ្លែងដោយមោទនភាពចំពោះលោកយាយលោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមចាក់វ៉ាក់សាំងគ្រប់ដូសមូលដ្ឋាន និងដូសជំរុញ ទី៣ និងទី៤ រួមជាមួយការអនុវត្តវិធានការការពារ និងការរក្សាអនាម័យ ដែលនេះគឺជាការចូលរួមចំណែកក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ហើយបើកឱកាសក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី ម៉ែន នារីសោភ័គ និងលោកវេជ្ជ. អ៊ុយ សំអាត បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានប្រោសប្រទាន ព្រះរាជទ្រព្យជារៀងរាល់ខែ រៀលរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាននានា ដែលបានបរិច្ចាគថវិកាដោយសទ្ធាជ្រះថ្លា ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកាកបាទក្រហមកម្ពុជា អាចបន្តសកម្មភាពមនុស្សធម៌ទៀតបាន។

បន្ថែមពីនេះ គណៈប្រតិភូក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងសូមប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យកើនឡើងកំដៅខ្លាំង ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើង ហើយការប្រែប្រួលអាកាសធាតុនេះ ក៏បង្កឡើងជាគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើមផងដែរ។ ជាមួយគ្នានេះ សូមអំពាវដល់ស្ត្រីជាមាតា ស្ត្រីមានផ្ទៃពោះទាំងអស់អញ្ជើញទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ យ៉ាងតិចឱ្យបាន៤ដង ដើម្បីដឹងពីស្ថានភាពសុខភាពទាំងម្តាយនិងទារក និងទប់ស្កាត់ការចម្លងជំងឺនានាពីម្តាយទៅទារកផងដែរ។

សូមបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋទទួលផលទាំង ៥,២៩២គ្រួសារ ក្នុងនោះខេត្តកំពង់ស្ពឺ មាន៨៣៩គ្រួសារ, ខេត្តកំពង់ឆ្នាំង ៣០៥គ្រួសារ, ខេត្តឧត្តរមានជ័យ ៦០៩គ្រួសារ, ខេត្តព្រះវិហារ ២៣០គ្រួសារ, ខេត្តក្រចេះ ១,០៣១គ្រួសារ, ខេត្តស្ទឹងត្រែង ៧៧៥គ្រួសារ, ខេត្តរតនគិរី ៧៧៨គ្រួសារ និងខេត្តមណ្ឌលគិរី ៧២៥គ្រួសារ។ គ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ឬទឹកស៊ីអ៊ីវ ១យួរ, ជែលលាងដៃ ១ដប, ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់ និងថវិកា ២ម៉ឺនរៀល៕