(ព្រះសីហនុ)៖ សាលាដំបូងខេត្តព្រះសីហនុ បានកំណត់យកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ដើម្បីធ្វើនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលលើកទី២ លើសំណុំរឿងរដ្ឋប្បវេណី លេខ១៣៨។ នេះបើយោងតាមលិខិតជូនដំណឹង ស្តីពីការបញ្ជូនតាមការផ្សាយជាសាធារណៈ (លើកទី២) របស់ក្រឡាបញ្ជី នៃសាលាដំបូងខេត្តព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។

យោងតាមលិខិតជូនដំណឹង ស្តីពីការបញ្ជូនតាមការផ្សាយជាសាធារណៈ (លើកទី២) បានជូនដំណឹងទៅ៖

* (១)៖ ឈ្មោះ វ៉ាន់ ឌួយ ភេទប្រុស អាយុ៥១ឆ្នាំ សញ្ជាតិខ្មែរ អាសយដ្ឋានភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
* (២)៖ ឈ្មោះ វ៉ាន់ ហោ ភេទប្រុស អាយុ៦៧ឆ្នាំ សញ្ជាតិខ្មែរ អាសយដ្ឋានផ្ទះលេខ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
* (៣)៖ ឈ្មោះ លី ខេង ភេទប្រុស អាយុ៦១ឆ្នាំ សញ្ជាតិខ្មែរ អាសយដ្ឋានភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ដែលជាសហចុងចម្លើយក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ១៣៨ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ របស់សាលាដំបូងខេត្តព្រះសីហនុ ឱ្យបានជ្រាបថា ចៅក្រមទទួលបន្ទុកសំណុំរឿង បានសម្រេចអនុញ្ញាតឱ្យធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈ អំពីដីកាកោះចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តព្រះសីហនុ ដោយបានកំណត់យក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៩៖០០ នាទីព្រឹក ដើម្បីធ្វើនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលលើកទី២។

ក្នុងការបញ្ជូនតាមការផ្សាយជាសាធារណៈនេះ តុលាការបានសម្រេចឱ្យធ្វើការបញ្ជូនតាមលក្ខខណ្ឌ ដូចខាងក្រោម ៖

* ១៖ បិទផ្សាយលិខិតជូនដំណឹងនេះ នៅបញ្ជរព័ត៌មានសាលាដំបូងខេត្តព្រះសីហនុ
* ២៖ ចុះផ្សាយលិខិតជូនដំណឹងនេះ នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ (Facebook Page របស់សាលាដំបូងខេត្តព្រះសីហនុ និងសារព័ត៌មាន Fresh News
* ៣៖ បិទផ្សាយលិខិតជូនដំណឹងនេះ នៅសាលាសង្កាត់វត្តភ្នំ
* ៤៖ បិទផ្សាយលិខិតជូនដំណឹងនេះ នៅទីតាំងដីវិវាទ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមសហចុងចម្លើយឈ្មោះ វ៉ាន់ ឌួយ ឈ្មោះ វ៉ាន់ ហោ និងឈ្មោះ លី ខេង ចូលយកដីកាកោះ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ និងពាក្យបណ្តឹង នៅសាលាដំបូងខេត្តព្រះសីហនុ ជារៀងរាល់ថ្ងៃ និងម៉ោងធ្វើការ៕