(ព្រះសីហនុ)៖ លោក ជួន ណារិន្ទ ប្រធានគណ:កម្មការគ្រប់គ្រង «ខ២៧» និងជាប្រធានក្រុមការងារចុះជួយសង្កាត់៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំក្នុង ខេត្តព្រះសីហនុនៅ វិទ្យាល័យក្រុងព្រះសីហនុ។

លោក ជួន ណារិន្ទ បានចាត់ទុកថា តួនាទីរបស់បុគ្គលិកអប់រំទាំងអស់ និយាយជារួមសម្រាប់ទូទាំងប្រទេស និងនិយាយដោយឡែកសម្រាប់ខេត្តព្រះសីហនុ គឺពួកគេបានរួមចំណែកក្នុងការដុសខាត់កម្លាំងបន្តវេនឲ្យមានភាពមុតស្រួច ស័ក្តិសមជាសសរទ្រូង និងអនាគតដ៏រឹងមាំរបស់ប្រទេសជាតិ។

ថ្លែងក្នុងឱកាសនេះ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចូលរួមសប្បាយរីករាយជាមួយលោក លោកស្រី សាស្ត្រាចារ្យ បុគ្គលិកអប់រំ គរុនិសិ្សត និងនិស្សិតទាំងអស់ ដែលកំពុងរួមគ្នា និងឯកភាពគ្នា ដែលជានិមិត្តរូប នៃការចូលមករួមរស់ក្នុងជីវភាពជាមួយមហាគ្រួសារ នៃគណបក្សប្រជាជនកម្ពុជា។

លោកបានអះអាងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានការអភិវឌ្ឍ រីកចម្រើនរឹងមាំឥតឈប់ឈរ ដោយមានមូលដ្ឋានពីស្មារតីសាមគ្គីភាព, ការតម្កល់ផលប្រយោជន៍ជាតិជាធំ និងមានគោលនយោបាយមុតស្រួច ជាមួយនឹងភាពបត់បែន សំដៅធ្វើយ៉ាងណារក្សាឲ្យបាននូវបុព្វហេតុតែមួយគត់ និងឥតងាករេពីមួយជំនាន់ទៅមួយជំនាន់ គឺការបម្រើផលប្រយោជន៍ប្រជាជន និងអភិឌ្ឍប្រទេសជាតិ។

លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជា បានផ្តល់នូវភាពកក់ក្តៅជូនសមាជិក សមាជិកា ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការរក្សានូវគុណតម្លៃកេរ្តិ៍ឈ្មោះរបស់ខ្លួន ជាអ្នកដែលប្រជាពលរដ្ឋស្រលាញ់ និងជឿជាក់ ចំពោះឆន្ទៈ និងសកម្មភាព ដូចដែលបានអនុវត្តកន្លងមក ក្នុងនាមជាស្ថាបនិក នៃសន្តិភាព អ្នកការពារស្ថិរភាព អគ្គមគ្គទេសក៍ នៃការអភិវឌ្ឍ ដែលស្ថិតនៅជាប់នឹងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

លោកបញ្ជាក់ថា «គណបក្សកំពុងបន្តជំរុញការអភិវឌ្ឍ និងទំនើបកម្មសមត្ថភាពរបស់ខ្លួនឲ្យបានធំធេង លើមូលដ្ឋាន នៃចំណេះដឹង និងបទពិសោធន៍ ដែលមានជាង៧០ឆ្នាំកន្លងមកនេះ ដើម្បីធានាក្នុងការបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពថែមទៀត។ លើសពីនេះគណបក្សប្តេជ្ញាដាច់ខាតបន្តថែរក្សាសន្តិភាព ស្ថិរភាព និងផ្តល់ឱកាស បង្កលក្ខណៈឲ្យគ្រប់គ្នាបានទទួលផល និងក្តីសង្ឃឹមទាំងពេលបច្ចុប្បន្ន និងអនាគត សម្រាប់ប្រយោជន៍ខ្លួនឯង សង្គមគ្រួសារ និងសង្គមជាតិ»។

សម្រាប់វិស័យអប់រំ លោកបានសង្កត់ធ្ងន់ថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ និងផ្តល់អទិភាពយ៉ាងខ្ពស់ ពីព្រោះជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់កម្ពុជាជំនាន់ក្រោយ ហើយរហូតមកដល់សព្វថ្ងៃនេះ ការកសាងសាលារៀនបានរីកសាយភាយដល់មូលដ្ឋាន ដែលមានអនុវិទ្យាល័យ និងវិទ្យាល័យយ៉ាងព្រោងព្រាត បូករួមទាំងសកលវិទ្យាល័យជាច្រើនផងដែរនៅតាមបណ្តាខេត្ត។

លោកបន្តថា មួយវិញទៀត សម្តេចតេជោ ហ៊ុន សែន តែងបានផ្តល់នូវការគាំទ្រគ្រប់បែបយ៉ាង សម្រាប់សកម្មភាពបុគ្គលិកអប់រំ យុវជន សិស្ស-និស្សិតក្នុងការងារសង្គម និងនយោបាយ សំដៅរួមចំណែក ក្នុងការដុសខាត់កម្លាំងបន្តវេនឲ្យមានភាពមុតស្រួច ស័ក្តិសមជាសសរទ្រូង និងអនាគតដ៏រឹងមាំរបស់ប្រទេសជាតិ។

នៅក្នុងឱកាសនោះ លោកក៏បាននាំថវិកាមួយចំនួនរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ទៅចែកជូនដល់បុគ្គលិកអប់រំផងដែរ៕