(ព្រះរវិហារ)៖ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានថ្លែងអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ ត្រូវចូលរួមការពារសុខសន្តិភាព ដែលរកបានទាំងលំបាក និងត្រូវចូលរួមគាំទ្រកម្មវិធីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដើម្បីឱ្យប្រទេសជាតិ កាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត។

ការថ្លែងអំពាវនាវបែបនេះរបស់ ទេសរដ្ឋមន្ត្រី មាស សុភា ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហម ប្រវែង ៦,០០០ ម៉ែត្រ ស្ថាបនាស្ពានបេតុងអាមេ ចំនួន០២កន្លែង សរុបប្រវែង ៦០ ម៉ែត្រ និងសាងសង់លូគ្រប់ប្រភេទចំនួន១៦កន្លែង នៅភូមិវាលបរ ឃុំពុទ្រា ស្រុកជ័យសែន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ខេត្តព្រះវិហារ ស្រុកជ័យសែន នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ។

នៅក្នុងឱកាសនេះដែរ ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋ និយាយដោយឡែកប្រជាពលរដ្ឋខេត្តព្រះវិហារ។

ទេសរដ្ឋមន្ត្រី ក៏បានថ្លែងជម្រាបជូនប្រជាពលរដ្ឋពីការអភិវឌ្ឍគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមដំបូលសុខសន្តិភាព។ ជាក់ស្តែងសមិទ្ធិផលនានា ដែលកំពុងធ្វើពិធីបើកការដ្ឋានសាងសង់នៅពេលនេះ បើសិនជាកាលៈទេសៈប្រទេសមានសង្គ្រាមវិញ គឺមិនអាចធ្វើពិធីនេះបានទេ ដូច្នេះសូមចូលរួមថែរក្សាសុខសន្តិភាពដែលដណ្តើមបានដោយលំបាកឱ្យនៅគង់វង្សយូរអង្វែង ត្រូវចូលរួមគាំទ្រយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ត្រូវចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាព ពិសេសត្រូវចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។

ដោយឡែកលោក រស់ ហេង អភិបាលស្រុកជ័យសែន បានថ្លែងពីការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យរបស់ស្រុក ចំពោះសមិទ្ធិផល ដែលធ្វើពិធីបើកការដ្ឋាននៅពេលនេះរួមមាន ការស្ថាបនាផ្លូវក្រាលគ្រួសក្រហម ប្រវែង៦០០០ ម៉ែត្រ ស្ថាបនាស្ពានបេតុងអាមេ ចំនួន០២កន្លែង សរុបប្រវែង ៦០ ម៉ែត្រ និងសាងសង់លូគ្រប់ប្រភេទចំនួន ១៦ កន្លែង នៅភូមិវាលបរ ឃុំពុទ្រា ស្រុកជ័យសែន។ លោកក៏សំណូមពរសាងសង់ផ្លូវក្រាលគ្រួសក្រហមប្រវែង ៧គីឡូម៉ែត្របន្ថែមទៀត ពីភូមិវាលបរដល់រង្វង់មូលអាងទឹករក្សាក្នុងភូមិក្រវ៉ាន់ផងដែរ៕