(កណ្ដាល)៖ ក្រោយលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានចេញដីកាបញ្ជាឲ្យលោក ជុំ លីវណ្ណរិទ្ធ អ្នករកស៊ីមានមុខមានមាត់ម្នាក់នៅខេត្តកណ្ដាល ចូលខ្លួនបង្ហាញមុខនៅការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីសាកសួរ ក្រោយករណីចេញសែកស្អុយរួចមកនោះ នៅពេលនេះលោក ជុំ លីវណ្ណរិទ្ធ បានយល់ព្រមសងលុយដល់ដើមបណ្តឹងវិញជាដំណាក់ និងធ្វើកិច្ចសន្យាសងជាបន្តបន្ទាប់។ នេះបើតាមលោក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានថ្លែងប្រាប់អ្នកយកព័ត៍មាន Fresh News ប្រចាំខេត្តកណ្ដាលនាថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២២នេះ។

លោកថា ភាគីដើមបណ្ដឹងបានព្រមព្រៀងគ្នាដកពាក្យបណ្ដឹងវិញហើយ ក្រោយធ្វើកិច្ចសន្យាច្បាស់លាស់មួយជាមួយភាគីចុងបណ្ដឹង ដោយយល់ព្រមសងទៅភាគីដើមបណ្ដឹងជាបន្តបន្ទាប់ទៅតាមកិច្ចសន្យា។

សូមបញ្ជាក់ថា តំណាងអយ្យការបានចេញដីកាបញ្ជាឲ្យលោក ជុំ លីវណ្ណរិទ្ធ ត្រូវមកបង្ហាញខ្លួននៅការិយាល័យដូចជម្រានជូនខាងលើចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ រៀងរាល់ម៉ោងធ្វើការ។

លោក ជុំ លីវណ្ណរិទ្ធ ជាម្ចាស់ក្រុមហ៊ុន សៀង ហៃ គ្រុប ដែលគេស្គាល់ថាជាអ្នកជំនួញដ៏ធំម្នាក់ផងដែរនៅខេត្តណ្ដាល។ ជនសង្ស័យមានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល៕