(រនតគិរី)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំងការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន បានលើកឡើងថា មន្ត្រីឧទ្យានុរក្ស និងជាមន្ត្រីនគរបាលយុត្តិធម៌ដើរតួនាទីសំខាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិទាំងការចុះល្បាត បង្ក្រាប និងទប់ស្កាត់បទល្មើស និងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសដែលបានកើតឡើងនៅក្នុងតំបន់ការពារធម្មជាតិ ដោយក្នុងនោះត្រូវអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិផង និងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មករណីបទល្មើសដើម មានតម្រុយទាក់ទងនឹងការលាងសម្អាតប្រាក់។

ការលើកឡើងបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ដែលពន្លាតចេញពីបទល្មើសដើមនៃបទល្មើសធនធានធម្មជាតិ ជូនមន្ត្រីឧទ្យានុរក្សជាមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ចំនួន ៥០រូប របស់មន្ទីរបរិស្ថាន ខេត្តរតនគិរី។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា៖ «មន្ត្រីឧទ្យានុរក្សទាំងអស់មិនមែនត្រឹមតែជាបំពេញតួនាទីភារកិច្ចតាមឯកសណ្ឋានរបស់ខ្លួន ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនោះទេ ប៉ុន្តែក៏ ក៏បំពេញតួនាទីជាឪពុកម្តាយជីដូនជីតា ក្នុងការការពារ និងអភិរក្សព្រៃឈើសត្វព្រៃ និងធនធានធម្មជាតិផ្សេង ទៀតដើម្បីបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងរាប់ជំនាន់ទៀត»។

នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា ក៏បានថ្លែងអំណរ គុណដល់មន្ត្រីឧទ្យានុរក្សទាំងអស់ដែលបានលញបង់កម្លាំងកាយ កម្លាំងចិត្តដើម្បីចូលរួមប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈការពារ និងអភិរក្សសម្បត្តិធម្មជាតិរបស់កម្ពុជា និងជំរុញ លើកទឹកចិត្តមន្ត្រីឧទ្យានុរក្សបន្តបេសកកម្មដ៏មានអត្ថន័យនេះដោយលើកឡើងថា៖ ការការពារ និងអភិរក្សធនធានធម្មជាតិបាន ល្អប្រសើរនៅបច្ចុប្បន្ននេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស ហើយបច្ចុប្បន្ននេះកិច្ច ខិតខំប្រឹងប្រែងនេះបាននឹងកំពុងផ្តល់ផលតាមរយៈការលក់ឥណទាន និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

គួរបញ្ជាក់ថា ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ក្រសួងបរិស្ថាន បានចូលរួមយ៉ាងសកម្មជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងយន្តការ និងបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មើសនៃការសម្អាតប្រាក់។ រហូតមកដល់ពេលនេះ មន្ត្រីនគរបាលយុត្តិធម៌ជាច្រើនរយនាក់នៃមន្ទីរបរិស្ថានចំនួន៦ ដែលមានតំបន់ការពារធម្មជាតិ បានទួលការបណ្តុះបណ្តាលគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ដែលពន្លាតចេញពីបទល្មើសដើមនៃបទល្មើសធនធានធម្មជាតិ។ ខេត្តរតនគិរីគឺជាខេត្ត ទី៦ បន្ទាប់ពីខេត្តកំពណង់ស្ពឺ ខេត្តកែប ខេត្តកំពត ខេត្តក្រចេះ ស្ទឹងត្រែង ដែលក្រសួងបរិស្ថានបានរៀបចំវគ្គបណ្តុះបណ្តាលក្នុងគោលបំណង ដើម្បីពង្រឹងយន្តការ និងបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសនៃការសម្អាតប្រាក់។

លោក នេត្រ ភក្ត្រា បានបន្តថា ក្រសួងបរិស្ថានមានមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់សរុបជាង ១២០០ នាក់ដែលត្រូវទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាព ក្នុងកិច្ចការប្រឆាំងនឹងការសម្អាតប្រាក់។ ក្នុងការបណ្តុះបណ្តាលនេះ ក្រុមការងារប្រឆាំងការសម្អាតប្រាក់នៃក្រសួងបរិស្ថាន បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងនីតិវិធីប្រតិបត្តិសង្ត់ដារសម្រាប់អនុវត្តនៅក្នុងការប្រឆាំងការសម្អាតប្រាក់។

លោករដ្ឋលេខាធិការ នេត្រភក្ត្រា បានលើកឡើងថា មន្ត្រីនគរបាលយុត្តិធម៌នឹងត្រូវពន្លាតលើបទល្មើសនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងករណីរកឃើញថា បទល្មើសដើមនៃបទល្មើសព្រៃឈើ និងបទល្មើសត្វព្រៃ មានតម្រុយដែលពាក់ព័ន្ធនឹងការសម្អាតប្រាក់។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការបានថ្លែងថា មន្ត្រីអនុវត្តច្បាប់នៃក្រសួងបរិស្ថានបានដើរតួនាទីសំខាន់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ក្នុងបទល្មើសធនធានធម្មជាតិ និងការពារប្រទេសកម្ពុជាក្នុងការប្រឆាំងការសម្អាតប្រាក់។

លោកក៏បានជំរុញឱ្យមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងបន្តអនុវត្តច្បាប់ឱ្យបានម៉ត់ចត់ និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជាពិសេសទប់ស្កាត់ និងបង្ក្រាបបទល្មើសទាក់ទង នឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ៕