(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ លោក ឃ្លាំង ហួត ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌជ្រោយចង្វារ និងលោកស្រី ខៀវ សស៊ីលៀប នាយិកាប្រតិបត្តិទូទៅ តំណាងលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាក្រុមហ៊ុនអ័រគីដេឌីវែឡុបម៉ិន បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ កម្មករ និយោជិត ដែលជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា សរុបប្រមាណ ១,៤៦០នាក់។

ក្នុងពិធីសំណេះសំណាលនាពេលនេះ លោក ឃ្លាំង ហួត បានពាំនាំនូវសេចក្តីនឹករឭក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេ គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចលោកតែងយកចិត្តទុកដាក់គិតគូរខ្វល់ខ្វាយពីសុខទុក្ខរបស់បងប្អូនគ្រប់កាលៈទេសៈដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ថ្លែងនៅចំពោះមុខកម្មករនិយោជិត១,៤៦០នាក់ លោក ឃ្លាំង ហួត បានបញ្ជាក់យ៉ាងដូច្នេះថា ជាភ័ព្វសំណាងខ្លាំងណាស់ដែលយើងទាំងអស់គ្នាកើតមកជាមនុស្ស ដូចនេះសូមកុំតូចចិត្តនឹងវាសនាដែលយើងកើតមកហើយ ជួបជីវភាពខ្វះខាតក្រលំបាក។ លោកបន្តថា ពិតមែនថ្ងៃនេះយើងជាកម្មករ តែថ្ងៃអនាគតយើងមើលមិនឃើញនោះទេ ជាឧទាហរណ៍មានកម្មករ-ពលករខ្មែរយើងមួយចំនួន ពីមុនធ្វើការលំបាកខ្លាំងណាស់ ខ្លះចំណាកស្រុកទៅធ្វើជាកម្មករពលករនៅស្រុកគេ តែដោយសារគេមានគំនិតនិងការខិតខំប្រឹងប្រែងតស៊ូរបស់ពួកគេ បានប្រែក្លាយខ្លួនមានជីវភាពសមរម្យ ក្លាយទៅជាអ្នកមាន ក្លាយទៅជាសេដ្ឋី សល់លុយយកមកជួយអភិវឌ្ឍន៍ ប្រទេសជាតិចូលរួមជាមួយរាជរដ្ឋាភិបាលផងដែរ។

លោក ឃ្លាំង ហួត បានបន្ថែមផងដែរថា «ក្នុងនាមយើងជាបុគ្គលិកឬកម្មករ សូមកុំយកកន្លែងធ្វើការធ្វើជាសមរភូមិឈ្លោះយកចាញ់យកឈ្នះ តែត្រូវយកធ្វើជាកន្លែងសម្រាប់បញ្ចេញស្នាដៃ បញ្ចេញគំនិត ដើម្បីអភិវឌ្ឍន៍ខ្លួនយើង ធ្វើការងារដោយភាពអត់ធ្មត់ កុំខ្ជីខ្ជា ខិតខំធ្វើការងារដោយយកចិត្តទុកដាក់ និងត្រូវមានភាពស្មោះត្រង់ជានិច្ច ប្រែក្លាយខ្លួនយើងពីប្រាក់ខែទាបទៅមធ្យម ពីមធ្យមទៅខ្ពស់ ពីកម្មករទៅជាមេការជាដើម»

លោកបន្តថា ថ្វីត្បិតជាកម្មករក៏ពិតមែន តែយើងក៏ជាចំណែកមួយជួយដល់ប្រទេសជាតិដោយមិនដឹងខ្លួនផងដែរ និយាយដូច្នេះមានន័យថា បងប្អូនកម្មករខិតខំបំពេញការងារជួយដល់ក្រុមហ៊ុនរបស់ខ្លួនឱ្យរកចំណូលបានច្រើន ហើយក្រុមហ៊ុនត្រូវបង់ពន្ធជូនរដ្ឋ រដ្ឋយកថវិកាពីការប្រមូលពន្ធមកចាត់ចែងធ្វើការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ដូចជា៖ សាងសង់ស្ពាន ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ។ល។

លោក ឃ្លាំង ហួត ក៏បានថ្លែងការកោតសរសើរដោយស្មោះចំពោះក្រុមហ៊ុនអ័រគីដេឌីវែឡុបម៉ិន ដែលជាក្រុមហ៊ុនឯកជន ប៉ុន្តែបានបើកទូលាយសម្រាប់កម្មករនិយោជិតរបស់ខ្លួន ក្នុងការចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពជា ដោយពួកគាត់ទាំងនោះយល់ឃើញថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលមានគុណបំណាច់ដ៏ធំធេងជាប្រវត្តិសាស្ត្រ ក្នុងបុព្វហេតុជួយសង្គ្រោះរំដោះជាតិ និងប្រជាជន ពីរបបប្រល័យពូជសាសន៍ប៉ុលពត ៧មករាឆ្នាំ១៩៧៩ បានបញ្ចប់សង្គ្រាមនៅទូទាំងផ្ទៃប្រទេស នាំមកនូវសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ និងបានអភិវឌ្ឍន៍ប្រទេសឱ្យ មានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ។

ជាមួយគ្នានោះលោក ឃ្លាំង ហួត ក៏បានថ្លែងអំណរគុណចំពោះកម្មករទាំងអស់ ដែលបានប្តេជ្ញាចិត្តប្រកបដោយភក្តីភាព ស្ម័គ្រស្មោះ បម្រើគណបក្សប្រជាជនកម្ពុជា និងប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនាអាណត្តិខាងមុខ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត៕