(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានសមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា បានលើកឡើងថា ក្រសួងសុខាភិបាល បានប្រកាស និងបានប្តេជ្ញាចិត្តជាអាទិភាព ក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រងសេវាសុខភាព ឱ្យទៅជាឌីជីថលទាំងផ្នែកឯកជន និងទាំងមន្ទីរពេទ្យរដ្ឋ។ ដូច្នេះកិច្ចការនេះ យើងឈានមួយជំហ៊ានម្តងៗ តាមរយៈក្រុមហ៊ុនប្រព័ន្ធគ្រប់គ្រងមន្ទីរឌីជីថល ពេទ្យយើង រៀបចំនៅតាមមន្ទីរពេទ្យសាធារណៈមួយចំនួន ហើយសេវាព្យាបាលឯកជនយើង ក៏បានប្រើប្រាស់ប្រព័ន្ធពេទ្យយើងច្រើន។ ជាក់ស្តែង សមាជិករបស់សមាគម ក៏កំពុងប្រើប្រាស់ ហើយគ្លីនិកឯកជន ដែលមិនមែនជាសមាជិក សមាគមយើង ក៏បាន និងកំពុងប្រើប្រាស់ប្រព័ន្ធមន្ទីរពេទ្យឌីជីថល ពេទ្យយើងនេះផងដែរ។

ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ បានធ្វើឡើងនៅក្នុងកម្មវិធីចុះអនុស្សរណៈយោគយល់ រវាងសមាគមអ្នកផ្តល់សេវាសុខាភិបាល ឯកជននៅកម្ពុជា ហៅកាត់ថា ស.ស.ឯក និងកម្មវិធីពេទ្យយើងរបស់ក្រុមហ៊ុន ហ្វឺស វីម៉ិន ថេក អេស៊ា ស្ដីពី ភាពជាដៃគូក្នុងការកសាងសមត្ថភាព និងរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឯកជនឌីជីថលនៅកម្ពុជា ដោយសហការជាមួយសមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា។

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមផងដែរពីលោកស្រី ប៉ុង លីមសាន ស្ថាបនិក និងជាអគ្គនាយិកាកម្មវិធីពេទ្យយើង របស់ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា លោក ប៊ិន សុជាតិ សហស្ថាបនិក និងជាប្រធានគ្រប់គ្រងអាជីវកម្ម កម្មវិធីពេទ្យយើង ដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ព្រមទាំងម្ចាស់ និងអ្នកគ្រប់គ្រងមន្ទីរពេទ្យ គ្លីនិកឯកជន និងភ្ញៀវកិត្តិយសជាច្រើនទៀត។

ភាពជាដៃគូនេះ ធ្វើឡើងស្របទៅតាមចក្ខុវិស័យរបស់កម្មវិធីពេទ្យយើងរបស់ក្រុមហ៊ុន ហ្វឺស វីម៉ិន ថេក អេស៊ា រួមជាមួយសមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា ដើម្បីកសាងសមត្ថភាពអ្នកផ្ដល់សេវាសុខាភិបាលឯកជន ទាំងអស់នៅកម្ពុជា និងចូលរួមធ្វើទំនើបកម្មឌីជីថលប្រព័ន្ធសុខាភិបាលឯកជនកម្ពុជា តាមរយៈប្រព័ន្ធប្រតិបត្តិការ និងដំណោះស្រាយឌីជីថល «ពេទ្យយើង»

តាមរយៈការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលពេទ្យយើង មន្ទីរពេទ្យ និងគ្លីនិករដ្ឋ និងឯកជនទាំងអស់ អាចទទួលនូវអត្ថប្រយោជន៍ឌីជីថលជាច្រើន ដោយជួយពន្លឿនរាល់ប្រតិបត្តិការទាំងអស់ នៅក្នុងមន្ទីរពេទ្យ ឬគ្លីនិក តាមរយៈប្រព័ន្ធឌីជីថល ដើម្បីជំរុញឱ្យការព្យាបាលកាន់តែលឿន រហ័ស ទំនើប ចំណេញពេលវេលា និងថវិកា សម្រាប់អ្នកផ្តល់សេវា និងអ្នកជំងឺ។

លោកវេជ្ជបណ្ឌិត ង៉ូវ កាង បានបញ្ជាក់ថា ការផ្តល់សេវាព្យាបាល គឺគោលបំណងរបស់យើង ធ្វើយ៉ាងណា ចង់បានភាពមាំទាំ ចង់បានភាពមួយ ដែលច្បាស់លាស់ និងសុវត្ថិភាព ទាំងអ្នកជំងឺ និងទាំងអ្នកផ្តល់សេវា។ ពេលខ្លះ ការផ្តល់សេវា បើមិនមានសុវត្ថិភាព នៅផ្អែកណាមួយ នៃអ្នកផ្តល់សេវា និងអ្នកទទួលសេវាទេ នោះការផ្តល់សេវាសុខាភិបាលយើង នឹងមិនមានគុណភាពឡើយ។ ដូច្នេះទាល់តែមានសុវត្ថិភាព ទាំងអ្នកផ្តល់សេវា និងមានសុវត្ថិភាពទាំងអ្នកទទួលសេវា ទើបមានគុណភាព។ នៅថ្ងៃនេះ យើងចាប់ដៃគូជាមួយពេទ្យយើង ជាមន្ទីរពេទ្យឌីជីថលនេះ គឺជាផ្នែកមួយនៃសុវត្ថិភាព ព្រោះផ្នែកឯកសារនេះ ជាផ្នែកមួយ ដែលមានសារសំខាន់ណាស់ ព្រោះផ្នែកឯកសារនេះ ជាការការពារ និងជាអាវក្រោះ សម្រាប់អ្នកផ្តល់សេវា ពិសេសផ្នែកសេវាសុខាភិបាលឯកជន ហើយក៏ជាសុវត្ថិភាពមួយ សម្រាប់អ្នកទទួលសេវាផងដែរ។

ជាមួយគ្នានេះ លោកស្រី ប៉ុង លីមសាន ស្ថាបនិក និងជានាយិកាប្រតិបត្តិកម្មវិធីពេទ្យយើង នៃក្រុមហ៊ុន ហ្វឺស វីម៉ិន ថេក អេស៊ា បានលើកឡើងពីគោលបំណង ដែលនាំឱ្យកម្មវិធីពេទ្យយើង សហការជាមួយសមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា គឺដើម្បីបង្កើនគុណភាពប្រព័ន្ធសុខាភិបាលឯកជនកម្ពុជា ជួយសម្រួល និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងមន្ទីរពេទ្យ ការផ្ដល់សេវាសុខភាពរបស់អ្នកផ្ដល់សេវាសុខាភិបាល និងការទទួលសេវាសុខភាពរបស់អ្នកជំងឺ តាមរយៈការកែប្រែប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យ ឱ្យទៅជាប្រព័ន្ធឌីជីថល ប្រើប្រាស់ជាពិសេសនូវកម្មវិធីគ្រប់គ្រងមន្ទីរពេទ្យឌីជីថល «ពេទ្យយើង»

លោកស្រីនាយិកា បានបន្ថែមថា គោលបំណងមួយទៀតរបស់យើង គឺចង់ឱ្យមន្ទីរពេទ្យ និងគ្លីនិកឯកជននៅកម្ពុជា ចូលរួមជួយដល់បរិស្ថាន ព្រោះកម្មវិធីពេទ្យយើង ជួយដល់មន្ទីរពេទ្យទាំងឡាយ ជំនួសប្រតិបត្តិការទាំងអស់ និងការប្រើប្រាស់ក្រដាស ក្នុងការបំពេញឯកសារអ្នកជំងឺ ដោយដំណើរការលើប្រព័ន្ធឌីជីថលទាំងអស់។

ទន្ទឹមនឹងនេះ លោក ប៊ិន សុជាតិ សហស្ថាបនិក និងប្រធានគ្រប់គ្រងអាជីវកម្ម កម្មវិធីពេទ្យយើង ដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា បានលើកឡើងថា តាមរយៈ «ភាពជាដៃគូក្នុងការកសាងសមត្ថភាព និងរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឯកជនឌីជីថលនៅកម្ពុជា» មន្ទីរពេទ្យឯកជន អ្នកផ្ដល់សេវាសុខភាព ឬប្រតិបត្តិករទាំងអស់ អាចបង្កើនគុណភាព ប្រសិទ្ធភាព និងផលចំណេញទាំងពេលវេលា ពលកម្ម និងថវិកា ដែលចំណាយទៅលើបុគ្គលិក និងសម្ភារៈមន្ទីរពេទ្យផ្សេងៗ តាមរយៈការកែប្រែមន្ទីរពេទ្យ និងគ្លីនិករបស់ខ្លួន ទៅជាប្រព័ន្ធឌីជីថល។

លោក ប៊ិន សុជាតិ ក៏បានបន្ថែមថា កិច្ចសហការទាំងនេះ មិនត្រឹមតែបង្កើនសក្តានុពលឌីជីថល ក្នុងមន្ទីរពេទ្យរបស់ខ្លួន និងក្នុងការផ្ដល់សេវាថែទាំព្យាបាលសុខភាពអតិថិជនរបស់ខ្លួនទេ យើងក៏ចូលរួមកាត់បន្ថយការប្រើក្រដាស ដើម្បីបរិស្ថានស្អាត និងបៃតងផងដែរ។ កាន់តែសំខាន់នោះ គឺនេះជាជំហានបន្ទាប់ ក្នុងការលើកកម្ពស់ និងធ្វើទំនើបកម្មវិស័យសុខាភិបាលឯកជនកម្ពុជា ដោយស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ ដែលរដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជា កំពុងផ្ដោតលើការធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថល នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន នៅកម្ពុជា កន្លងមក។

កម្មវិធីឌីជីថលពេទ្យយើង ត្រូវបានដាក់ឲ្យដំណើរការ និងចូលរួមចំណែកជួយដំណើរការបែបឌីជីថលដល់មន្ទីរពេទ្យរដ្ឋ និងឯកជន ប្រមាណ ២០០ នៅទូទាំង ២៥ខេត្តរាជធានី។ តាមរយៈមន្ទីរពេទ្យដៃគូ ពេទ្យយើង មានអ្នកប្រើប្រាស់កម្មវិធីប្រមាណជាង ១ម៉ឺននាក់ រួមមាន វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឱសថការី អ្នកជំនាញមន្ទីរពិសោធន៍ អ្នកជំនាញផ្នែកសុខភាព និងបុគ្គលិកផ្នែកគ្រប់គ្រងមន្ទីពេទ្យ។ ពេទ្យយើង ក៏បានជួយឲ្យពលរដ្ឋកម្ពុជា ប្រមាណ ២លាននាក់ ឱ្យមានកំណត់ត្រាទិន្នន័យព្យាបាល និងទិន្នន័យសុខភាពឌីជីថលអនឡាញ ដែលពួកគាត់ អាចប្រើប្រាស់បាន សម្រាប់ដំណើរការទទួលសេវាព្យាបាលនៅទីកន្លែងផ្ទាល់ និងនៅលើទូរស័ព្ទដៃ បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីទទួលបានសេវាថែទាំ និងព្យាបាលបានកាន់តែប្រសើរជាងមុន៕