(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារប្រឆាំងការសម្អាតប្រាក់របស់ក្រសួងបរិស្ថាន បានថ្លែងថា បន្ថែមពីលើច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដែលមន្ត្រីនគរបាលក្រសួងបរិស្ថានប្រើប្រាស់ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ មន្ត្រីនគរបាលយុត្តិធម៌នៃក្រសួងបរិស្ថាន មានច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មជាឧបករណ៍ច្បាប់ដ៏មានតម្លៃ និងប្រសិទ្ធភាពក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ហើយជនល្មើសក្នុងបទល្មើសធនធានធម្មជាតិ នឹងត្រូវប្រឈមមុខនឹងច្បាប់ទាំង ២នេះ។

ការថ្លែងបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។

មន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងខេត្តក្រចេះសរុបជាង ៥០រូប បានទទួលការបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ក្នុងលក្ខខណ្ឌនៃដែនសមត្ថកិច្ចក្រសួងបរិស្ថាន ដើម្បីពង្រឹងយន្តការ និងបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសនៃការសម្អាតប្រាក់ពាក់ព័ន្ធនឹងសំណំណុំរឿងដើមបទល្មើសធនធានធម្មជាតិ។

លោករដ្ឋលេខាធិការគូសបញ្ជាក់ថា៖ «បន្ថែមពីលើច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដែលមន្ត្រីនគរបាលក្រសួងបរិស្ថានប្រើប្រាស់ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ មន្ត្រីនគរបាលយុត្តិធម៌នៃក្រសួងបរិស្ថានមានច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មជាឧបករណ៍ច្បាប់ដ៏មានតម្លៃ និងប្រសិទ្ធភាពក្នុងការការពារ និងអភិរក្សធនធានធម្មជាតិយើងឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ហើយជនល្មើសក្នុងបទល្មើសធនធានធម្មជាតិ នឹងត្រូវប្រឈមមុខនឹងច្បាប់ទាំង ២នេះ»។

ការបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌នៅមន្ទីរបរិស្ថាន
ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ គឺជាការបណ្តុះបណ្តាលលើកទី៣ ក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីនគរបាលយុត្តិធម៌ជាង ១,២០០នាក់ របស់ក្រសួងបរិស្ថាន។

ក្រុមការងារប្រឆាំងការសម្អាតប្រាក់នៃក្រសួងបរិស្ថាន បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងនីតិវិធីប្រតិបត្តិសង្ត់ដារសម្រាប់អនុវត្តនៅក្នុងការប្រឆាំងការសម្អាតប្រាក់។

លោក នេត្រ ភក្ត្រា បានលើកឡើងថា មន្ត្រីនគរបាលយុត្តិធម៌ត្រូវពិនិត្យលើភស្យុតាង ព័ត៌មានពាក់ព័ន្ធផ្សេងៗទាក់ទងនឹងបទល្មើសដើមដើម្បីពិនិត្យលទ្ធភាពនៃការពន្លាតលើបទល្មើសនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រឆាំងនឹងជនសង្ស័យ ក្នុងករណីរកឃើញថា បទល្មើសដើមនៃបទល្មើសព្រៃឈើ និងបទល្មើសត្វព្រៃ មានតម្រុយដែលពាក់ព័ន្ធនឹងការសម្អាតប្រាក់។

ជាមួយគ្នានេះ រដ្ឋលេខាធិការបានថ្លែងថា មន្ត្រីអនុវត្តច្បាប់នៃក្រសួងបរិស្ថានបានដើរតួនាទីសំខាន់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ក្នុងបទល្មើសធនធានធម្មជាតិ និងការពារប្រទេសកម្ពុជាក្នុងការប្រឆាំងការសម្អាតប្រាក់។

លោកក៏បានជំរុញឱ្យមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងបន្តអនុវត្តច្បាប់ឱ្យបានម៉ត់ចត់ និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជាពិសេសទប់ស្កាត់ និងបង្ក្រាបបទល្មើសទាក់ទង នឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ៕