(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានរៀបចំប្រារព្ធពិធី ទិវាជាតិនៃការចងចាំ ២០ ឧសភា ជូនដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិត ដោយភាពអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឡើងនៅ បរិវេណវត្តទេពពោធិវង្ស ហៅវត្តថ្មី ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប។

ក្នុងពិធីខាងលើនេះ មានការនិមន្តព្រះសង្ឃ ចំនួន ៧៣រូប សូត្រមន្ត បង្សុកូល និងរាប់បាត្រ ដើមី្បឧទិ្ទសមហាកុសល ផលបុណ្យជូនដល់ប្រជាជន យុទ្ធជន យុទ្ធនារី កម្មាភិបាលអ្នកស្នេហាជាតិ និងបុព្វការីជន ដែលបានចែកឋានទៅ ដោយអំពើឃោឃៅ ព្រៃផ្សៃ និង អយុត្តិធម៌ នៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ក្រោមអធិបតីភាព លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី យូ សុភា អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ ប្រមាណជាង១ពាន់នាក់ចូលរួម។

ក្នុងការអាននូវវិយោគកថា លោក អ៊ាន ឃុន បានគូសបញ្ជាក់ថា ពិធីទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នេះ គឺជាសកម្មភាពដ៏មានអត្ថន័យយ៉ាងពិតប្រាកដ ដែលបានស្តែងឲ្យឃើញថា ទោះបីជារឿងរ៉ាវនេះបានកន្លងផុតក្នុងអតីតកាលអស់ជាង ៤០ឆ្នាំហើយក៏ដោយ ប៉ុន្តែជារឿងឈឺចាប់ និងជាមហាសោកនាដកម្មប្រល័យពូជសាសន៍ជាតិឯង ដែលធ្វើឲ្យបងប្អូនជនរួមជាតិទាំងអស់ពុំអាចបំភ្លេចបានឡើយ ហើយបានចារទុកជាសច្ចៈធម៌ ប្រវិត្តសាស្រ្ត ទោះបីជនរួមជាតិជំនាន់ក្រោយដែលពុំបានឆ្លងកាត់ក៏ដោយ ក៏ពួកគាត់នឹងសិក្សាស្វែងយល់ពីប្រវិត្តសាស្ត្រដ៏មហាជូរចត់នោះ។ មិនត្រឹមតែប៉ុណ្ណោះ ប្រវិត្តសាស្ត្រនេះក៏ត្រូវបាននិងកំពុងទទួលស្គាល់ពាសពេញពិភពលោកតាមរយៈការនាំយកមេដឹកនាំនៃរបបខ្មែរក្រហម មកកាត់ទោសនៅអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីជំនុំជំរះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ដែលយើងអាចនិយាយបានថា ការទទួលស្គាល់នេះការជំនុំជំរះនេះ គឺជាផ្នែកមួយនៃការផ្តល់នូវភាពត្រឹមត្រូវជូនរាជរដ្ឋាភិបាលកម្ពុជា សង្គមជាតិកម្ពុជា និងការផ្សះផ្សាបួសទាំងផ្លូវកាយ និងផ្លូវចិត្តជូនជនរួមជាតិ ដែលបានរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ។

នៅចំពោះមុខចេតិយគំនរ អដ្ឋិធាតុនៃជនរួមជាតិនាឱកាសនោះ លោក អ៊ាន ឃុន ក៏បានបេ្តជ្ញាចិត្តយ៉ាងមោះមុត ដោយបានគាំទ្រជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ឥស្សរជន និងអង្គការនានាទាំងនៅក្នុងប្រទេស និងនៅជុំវិញពិភពលោកដែលបានខិតខំអស់ពិកម្លាំងកាយចិត្ត ពុំគិតការនឿយហត់ជាង ៤០ឆ្នាំកន្លងមក ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាជនកម្ពុជា និងឈានទៅសម្រេចជោគជ័យជាស្ថាពរ ដោយធានាបាននូវសន្តិភាព ការបង្រួបបង្រួមជាតិអធិបតេយ្យភាព និងការអភិវឌ្ឍ៕