(កំពត)៖ លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានជួបសំណេះសំណាលជាមួយសមាជិកា សមាគមនារីខេត្ត និងអ្នកចូលរួមប្រមាណ១១៥២នាក់មកពី៩ក្រុងស្រុក ក្នុងគោលបំណងផ្សព្វផ្សាយ និងរំលឹកអំពីតួនាទី ភារកិច្ច អ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

ពិធីនេះត្រូវបានធ្វើឡើង ដោយមានការចូលរួមពីថ្នាក់ដឹកនាំសមាគម សមាជិកសមាជិកា ជាអ្នកសង្កេតការណ៍បោះឆ្នោតយ៉ាងច្រើនកុះករ។

លោកស្រី ហ៊ុន ចាន់ធី បានធ្វើបទបង្ហាញ អំពីតួនាទី ភារកិច្ច និងក្រមសីលធម៌ សម្រាប់អ្នកសង្កេតការណ៍ ក្នុងដំណើរការបោះឆ្នោតជាតិ អន្តរជាតិ ត្រូវរួបរួមគ្នាគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តបទបញ្ជា និងនីតិវិធីពាក់ព័ន្ធនឹងការ បោះឆ្នោតឲ្យបានខ្ជាប់ខ្ជួន មានគោលជំហរអព្យាក្រឹត មិនលំអៀង និងធ្វើឡើងដោយសុចរិត និងតម្លាភាព។

លោកស្រី បានជម្រាបជូនពាក់ព័ន្ធបម្រាម និងសម្រង់ទោសបញ្ញត្តិក្នុងច្បាប់ ស្តីពីការបោះឆ្នោត នៅមុនក្នុងពេល និងក្រោយពេលនៃការបោះឆ្នោត ដល់អ្នកសង្កេតការណ៍ព្រោះថា ការប្រតិបត្តិតាមក្រមសីលធម៌ ធ្វើឲ្យបរិយាកាស នៃដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន កាត់បន្ថយនូវអំពើហិង្សា លើកស្ទួយកិត្យានុភាពលើឆាកអន្តរជាតិ និងការជឿទុកចិត្តរវាងគណបក្សនយោបាយ និងប្រជាពលរដ្ឋ។

លោកស្រីបានថ្លែងថា «នេះជាពេលវេលាមួយដ៏មានតម្លៃ សម្រាប់ក្រុមនារី និងសមាជិកាសមាគមនារីខេត្តយើង ចូលរួមជាអ្នកសង្កេតការណ៍ ក្នុងការិយាល័យនីមួយៗនៅតាមក្រុងស្រុកប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។

លោកស្រីបានលើកឡើងថា ដើម្បីសម្រេចគោលដៅនេះ យើងជាអ្នកសង្កេតការណ៍ ត្រូវតែគោរពច្បាប់ បទបញ្ជា និងក្រមសីលធម៌ ដែលជាមាគ៌ា ឆ្ពោះទៅរកភាពជោគជ័យ។ ជំរុញឲ្យអ្នកសង្កេតការណ៍ សូមទៅឲ្យបានមុន ត្រូមមានឯកសារ សម្ភារបម្រើការងារ មានស្មារតីខ្ពស់ក្នុងការទទួលខុសត្រូវ បើមានសភាពការណ៍អ្វីកើតឡើង ត្រូវចេះរាយការណ៍ និងសុំយោបល់ឲ្យទាន់ពេលវេលា និងសំណូមពរជាដាច់ខាត មិនត្រូវធ្វើអ្វីឲ្យប្រាសចាកពីក្រមសីលធម៌អ្នកសង្កេតការណ៍ឡើយ។

ជាមួយគ្នានោះ ត្រូវមានសុទិដ្ឋិនិយមថា មានកិច្ចសហការ សាមគ្គីគ្នា និងបំពេញការងារ ទៅតាមតួនាទី និងភារកិច្ច ដែលទាំងនេះពិតជានាំមកនូវភាពថ្លៃថ្នូរ កាត់បន្ថយនូវអំពើហិង្សា ជម្លោះ និងការរើសអើងនៃការបែងចែកនិន្នាការនយោបាយផ្សេងៗគ្នា។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រី៕