(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកយុទ្ធនាការណ៍ផ្សព្វផ្សាយសេចក្តីណែនាំស្តីពី ការហាមឃាត់កិច្ចសហការរបស់អង្គភាពចំណុះក្រសួង មន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សាគ្រប់កម្រិតទាំង ទាំងសាធារណៈ និងឯកជន ជាមួយនឹងឧស្សាហករថ្នាំជក់។

យុទ្ធនាការផ្សព្វផ្សាយនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីលោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា រួមទាំងមានវត្តមានវាគ្មិន និងសិស្ស និស្សិតជាង៣០០នាក់ នៅសាលកវិទ្យាល័យភូមិន្ទភ្នំពេញ។

ខ្លឹមសារគោលនៃសេចក្តីណែនាំនេះ គឺហាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន មិនឱ្យចាប់ដៃគូសហការជាមួយ ឬទទួលការឧបត្ថម្ភពីឧស្សាហករថ្នាំជក់ ទោះក្នុង គោលបំណងណាមួយជាអាទិ៍ សកម្មភាពសប្បុរសធម៌ ទស្សនកិច្ចសិក្សា ហាត់ការងារ ផ្លាស់ប្តូរបទពិសោធន៍ ឬសិក្សាស្រាវជ្រាវ, មិនឱ្យទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សរណៈយោគយល់គ្នាជាមួយឧស្សហករថ្នាំជក់ដើម្បីគាំទ្រដល់សកម្មភាពអប់រំតាមគ្រប់រូបភាព, មិនឱ្យផ្តល់ទីកន្លែង ឬទីធ្លាគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន សម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយ ឬពិពណ៌ដែលជាកម្មវិធីរបស់ឧស្សហករណ៍ថ្នាំជក់។

លើកឡើងនាឱកាសនោះលោកស្រី សឿ សុជាតា បានបញ្ជាក់ថា សេចក្តីណែនាំនេះគឺជាផ្នែកមួយនៃការចូលរួមអនុវត្តអនុសញ្ញស្តីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់ ក្នុងនោះក្រោយពីមានការដាក់ចេញសេចក្តីណែនាំនេះគឺសង្គេតឃើញថា នៅគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ បានចូលរួមអនុវត្តន៍តាមបានជាច្រើនរួចមកហើយ ជាមួយ គ្នានោះដែររដ្ឋអំណាចនៅតាមមូលដ្ឋាន ក៏បានចូលរួមគាំទ្រក្នុងការអនុវត្តន៍នូវសចក្តីណែនាំនេះ និងបានចូលរួមពិនិត្យនៅតាមមូលដ្ឋានរបស់គាត់ផងដែរ។

លោកស្រី សឿ សុជាតា បានបន្ថែមថា សេចក្តីណែនាំនេះគឺជាការចូលរួមរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តវិធានការហាមឃាត់ការផ្សព្វផ្សាយលក់ ការស្វែងរកទីផ្សារលក់ផលិតផលថ្នាំជក់ ដែលត្រូវបានហាមឃាត់ទាំងស្រុងដោយច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។

បន្ថែមពីនេះដែរ លោកស្រី សឿ សុជាតា បានអះអាងថា យុទ្ធនាការណ៍នេះដែរក៏ដើម្បីជាសារមួយក្នុងការដាស់តឿនដល់យុវជន ឱ្យចូលរួមទប់ស្កាត់នូវការជ្រៀតចូល ផលិតផលថ្នាំជក់ នៅក្នុងគ្រឹះស្ថានសិក្សាទោះជាក្នុងរូបភាពណាមួយក៏ដោយ។

លោក មុំ គង់ បានបញ្ជាក់ដែរថា តាមរយៈការសិក្សាពីឯកសារផ្ទៃក្នុងរបស់ក្រុមហ៊ុនថ្នាំជក់អន្តរជាតិ ឧស្សាហកម្មថ្នាំជក់ប្រើប្រាស់យុទ្ធសាស្រ្តឧបត្ថម្ភកម្មវិធីនានាដើម្បី៖ បង្កើតទំនាក់ទំនងជាមួយបុគ្គលដែលមានសិទ្ធសម្រេចបង្កើតឥទ្ធិពលក្នុងការរៀបចំគោលនយោបាយ និងសាងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនថ្នាំជក់ ក៏បានប្រើប្រាស់ ការឧបត្ថម្ភដើម្បីបង្កើនទំនុកចិត្ត បង្កើនប្រាក់ចំណេញ និងរារាំងការអនុវត្តគោលនយោបាយការពារសុខភាពដល់ប្រជាបលរដ្ឋផងដែរ។

គួរបញ្ជាក់ផងដែរថា យោងតាមការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ ការប្រើប្រាស់ថ្នាំជក់ជាកត្តាចំបងមួយនៃការស្លាប់របស់ប្រជាពលរដ្ឋខ្មែរប្រមាណ ១៥ ០០០នាក់ក្នុងមួយឆ្នាំៗ ហើយថវិកាប្រមាណ ៦៤៩លានដុល្លារ សហរដ្ឋអាមេរិកត្រូវបានខាតបង់៕