(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍អំពាវនាវឱ្យផ្នែកឯកជនក្នុងវិស័យទេសចរណ៍ចូលរួមអនុវត្តគម្រោងសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ប្រកបដោយភាពសកម្ម ទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីចូលរួមស្តារវិស័យទេសចរណ៍ជាតិ និងជំរុញកំណើនទេសចរឡើងវិញ។

លោករដ្ឋមន្ត្រីបានអំពាវដូច្នេះក្នុងសុន្ទរកថាស្វាគមន៍នៅក្នុងកម្មវិធីប្រកាសដាក់ចេញជាផ្លូវការនូវគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរក្នុងទំហំទឹកប្រាក់១៥០លានដុល្លារអាមេរិក កាលពីល្ងាចថ្ងៃទី១៧ ឧសភា ២០២២ ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចជាតិ ប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍។

គួរជម្រាបថា ទោះជាមានការងើបទ្បើងជាបណ្តើរៗនៃទេសចរយ៉ាងនេះក្តី លោករដ្ឋមន្ត្រីបានថ្លែងថា បើគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ មានអាជីវកម្មទេសចរណ៍ចំនួន១,៤២៨ទីតាំងកំពុងបន្តបិទ/ព្យួរនៅទ្បើយ ដោយសារជួបបញ្ហាលំហូរសាច់ប្រាក់ និងកង្វះខាតហិរញ្ញប្បទានសម្រាប់ជួសជុល និងដំណើរការអាជីវកម្មទ្បើងវិញ។

ដូច្នេះហើយទើបរាជរដ្ឋាភិបាលបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់ការងើបទ្បើងវិញនៃវិស័យទេសចរណ៍កម្ពុជា តាមរយៈការដាក់ចេញកម្មវិធីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរណ៍ក្នុងទំហំទឹកប្រាក់១៥០លានដុល្លាអាមេរិក ជាមួយអត្រាការប្រាក់សម្បទានដ៏មានសារសំខាន់ និងទាន់ពេលវេលា ដោយសារវិស័យទេសចរណ៍នៅតែជាសសរស្តម្ភមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងដើម្បីជួយសម្រួលដោះស្រាយដល់ការលំបាកទាំងឡាយរបស់មូលដ្ឋានអាជីវកម្មទេសចរណ៍។

លោករដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា គម្រោងសហហិរញ្ញប្បទាននេះនឹងជួយសម្រួលដល់អាជីវកម្មខ្នាតតូច និងមធ្យមថ្មី (New Startup) ក្នុងវិស័យទេសចរណ៍យ៉ាងមានប្រសិទ្ធភាព ដូចអ្វីដែលលោកអគ្គបណ្ឌិតសភាចារ្យបានលើកឡើងនូវ៣ចំណុចសំខាន់ៗ ដូចជា បើកដំណើរការអាជីវកម្មទ្បើងវិញ កែលម្អ និងធ្វើទំនើបកម្ម សេវាកម្មទេសចរណ៍បែបឌីជីថល ពង្រីកខ្លួន និងធ្វើពិពិធកម្មសេវាកម្មទេសចរណ៍ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិទ្បើងវិញ។

លោករដ្ឋមន្ត្រីបានអំពាវនាវឱ្យផ្នែកឯកជនក្នុងវិស័យទេសចរណ៍ចូលរួមអនុវត្តគម្រោងនេះ ដោយសកម្មទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងសំណូមពរនែការងើបឡើងវិញនៃវិស័យទេសចរណ៍ ក្រោយវិបត្តិកូវីដ១៩នេះ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជាកំពុងចាប់ផ្តើមងើបទ្បើងវិញជាបណ្តើរៗ ក្រោយរាជរដ្ឋាភិបាលប្រកាសបើកទទួលទេសចរអន្តរជាតិចាក់វ៉ាក់សាំងពេញលេញ ដោយមិនតម្រូវឱ្យធ្វើចត្តាទ្បីស័កកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ត្រឹមតែរយៈពេល៤ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន២៤ម៉ឺននាក់ (២៤១,៤៨៥នាក់) កើនទ្បើង១៩១.៥៥% ប្រៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯទេសចរផ្ទៃក្នុងក៏មានការកើនឡើងជាទីមោទនៈ ដោយគ្រាន់តែក្នុង៤ខែដើមឆ្នាំនេះ មានទេសចរផ្ទៃក្នុង (ទេសចរជាតិ និងបរទេសផ្ទៃក្នុង) ប្រមាណជិត៥លាននាក់ ធ្វើដំណើរកម្សាន្តពាសពេញផ្ទៃប្រទេស ខណៈដែលនៅចុងសប្តាហ៍ក្នុងខែឧសភានេះ ទេសចរណ៍ផ្ទៃក្នុងបានវិលត្រឡប់មករកស្ថានភាពមុនកូវីដ១៩វិញហើយ។

លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ចំនួនទេសចរអន្តរជាតិ ពិសេសទេសចរផ្ទៃក្នុងអាស៊ានអាចនឹងកើនឡើងជាងនេះ នៅពេលដែលរបាំងសុខាភិបាល និងការសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនបានកាន់តែងាយស្រួល។

តាមការប៉ាន់ស្មានរបស់លោក ថោង ខុន ឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចន្លោះពី៨០ម៉ឺនទៅ១លាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ៩លាននាក់៕