(ភ្នំពេញ)៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបំភ្លឺ និងច្រានចោលការប្រឌិតព័ត៌មានថា លោក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ជំរិតទារប្រាក់ពីម្ចាស់ឡានដឹកដី ចំនួន២,៥០០ដុល្លារ បំពានលើចំណាត់ការរបស់តំណាងអយ្យការ។

ក្នុងសេចក្ដីបំភ្លឺរបស់លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា កិច្ចស្រាវជ្រាវបានបង្ហាញថា លោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង មិនបានប្រព្រឹត្តអំពើល្មើសច្បាប់ និងខុសបទវិន័យកងទ័ព ដូចដែលសារព័ត៌មានមួយចំនួនផ្សព្វផ្សាយ កន្លងទៅនោះទេ។ ទន្ទឹមនឹងនោះ ម្ចាស់រថយន្ត និងគ្រឿងចក្រ ក៏បានបំភ្លឺថា លោកវរសេនីយ៍ឯក ដួង វិចិត្រ ពុំបានជម្រិតទារលុយដូចការចុះផ្សាយទេ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ថា កងរាជអាវុធហត្ថទទួលយករាល់ព័ត៌មានទាំងអស់ ដែលពាក់ព័ន្ធនឹងសកម្មភាពការងារ ប្រតិបត្តិការ និងសីលធម៌របស់យោធិននៃកងរាជអាវុធហត្ថ ដើម្បីឆ្លុះបញ្ជាំង ដកបទពិសោធន៍រកឲ្យឃើញថា ការបំពេញតួនាទី ភារកិច្ចនោះ ទទួលបានផលវិជ្ជមាន ឬអវិជ្ជមាន ប៉ុន្មានភាគរយ។ នៅពេលប្រជុំដកពិសោធន៍ វាយតម្លៃការងារដែលបានបំពេញរួច តាមរយៈព័ត៌មានពីមជ្ឈដ្ឋានខាងក្រៅ និងការអនុវត្តផ្ទាល់ បើវាជាផលអវិជ្ជមាន អង្គភាពនឹងធ្វើការអប់រំ ដាក់វិន័យទណ្ឌកម្ម ប្រសិនបើយោធិន នៃកងរាជអាវុធហត្ថ បានប្រព្រឹត្តនូវកំហុសឆ្គង អសីលធម៌ ឬវិន័យកងទ័ព។

ប៉ុន្តែបើយោធិននៃកងរាជអាវុធហត្ថណាបានប្រព្រឹត្តបទល្មើសដូចមានចែងក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា អង្គភាពនឹងអនុវត្តច្បាប់តាមនីតិវិធីមិនមានការលើកលែងឡើយ ស្របនឹងទិសស្លោកដែលបានដាក់ចេញដោយ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺ «ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបន្ថែមថា ក្រោយពីទទួលបាននូវព័ត៌មាននេះ អនុវត្តតាមគោលគំនិត ការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានធ្វើការស្រាវជ្រាវអង្គហេតុនេះ រកឲ្យឃើញការពិត ស្របនឹងច្បាប់ បទវិន័យទូទៅ និងក្រមសីលធម៌។

កងរាជអាវុធហត្ថ រងចាំទទួលនូវព័ត៌មាន និងភស្តុតាងទាំងឡាយណាដែលពាក់ព័ន្ទនឹងអំពើល្មើសខាងលើនេះ។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានស្នើឲ្យបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងអស់ កែតម្រូវនូវអត្ថបទរបស់ខ្លួន ដើម្បីឲ្យសាធារណជនទទួលបាននូវព័ត៌មានពិត៕