(ព្រៃវែង)៖ ដើម្បីចូលរួមអបអរសាទរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍» នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បាននាំយកថវិកាសប្បុរសធម៌ ចំនួន១៤៩,៨៩០ដុល្លារ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។

ថវិកានេះ ដែលបានមកពីការចូលរួមឧបត្ថមត្ភពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រៃវែង និងសប្បុរសជននានា ហើយត្រូវបានប្រគល់ជូន លោក ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដើម្បីបម្រើក្នុងសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងភាពរស់រវើក។

ក្នុងនាមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន, ឧត្តមសេនីយ៍ឯក ឡោ សុឡេង បានថ្លែងថា ថវិកាដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នាពេលនេះ គឺជាទឹកចិត្តសប្បុរស និងក៏ជាវប្បធម៌នៃការចែករំលែកជួយគ្នា ក្នុងការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

លោកបានបន្តថា ថ្វីត្បិតកម្ពុជាបច្ចុប្បន្នក៏ជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងៗទៀតលើសកលលោក ដែលបានរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ក៏ដោយប៉ុន្តែថវិកាដែលយើងប្រមូលបាននៅតែមានចំនួនច្រើន នេះសបញ្ជាក់អោយឃើញពីការយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសប្បុរសជននានា ក្នុងការរួមចំណែកលើវិស័យមនុស្សធម៌។

លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង តាងនាមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានលើកឡើងដោយគូសបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាសប្បុរសជននានានូវតែបន្តគាំទ្រ និងឧបត្ថម្ភថវិកាដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ក្នុងបេសកកម្មមនុស្សធម៌។

ជាមួយគ្នានេះ លោក ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានសម្តែងនូវការគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមការងារ ព្រមទាំងសប្បុរសជននានា ដែលជារៀងរាល់ឆ្នាំបានលះបង់ធនធានថវិកាផ្ទាល់ ក្នុងការចូលរួមជាកាកបាទក្រហមកម្ពុជានិយាយជារួម និយាយដោយឡែកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗបានទាន់ពេលវេលា។

លោក ជា សុមេធី ក្នុងនាមសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នឹងចាត់ចែងប្រើប្រាស់ថវិកាទាំងអស់នេះ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធិភាព និងចំគោលដៅ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ជាពិសេសដើម្បីបម្រើសេចក្តីត្រូវការរបស់ជនរងគ្រោះ ដោយគ្រោះថ្នាក់ធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ និងការការពារប្រយុទ្ធប្រឆាំងនិងជំងឺវីរុសកូវីដ-១៩៕