(ស្ទឹងត្រែង)៖ បេក្ខភាពក្រុមប្រឹក្សាឃុំ, សមាជិកបក្សភ្លើងទៀន និងសមាជិកអតីតគណបក្សសង្គ្រោះ (CNRP) ជាង ២០០នាក់ នៅក្នុងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានសម្រេចចិត្តដើរចេញពីបក្សចាស់របស់ខ្លួន ហើយចូលរួមរស់ និងធ្វើសកម្មភាពជាមួយគណបក្សប្រជាជនកម្ពុជា (CPP) ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល។ ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគេបានមើលឃើញថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានគោលនយោបាយច្បាស់លាស់ និងធ្វើសកម្មភាពជាក់ស្តែងក្នុងការកសាងជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ពិធីស្វាគមន៍សមាជិកថ្មីមកពីគណបក្សភ្លើងទៀន និងអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានធ្វើឡើងនៅថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ។ លោក យូ សិរីវុឌ្ឍ តំណាងលោក លី សាម៉េត ហៅគ្រូមារ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមជាមួយក្រុមការងារ បានអញ្ជើញស្វាគមន៍សមាជិកថ្មី ប្រកបដោយភាពកក់ក្តៅជាទីបំផុត។

លោក យូ សិរីវុឌ្ឍ បានថ្លែងអំណរគុណដល់សមាជិកថ្មីទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងសច្ចភាពចំពោះគណបក្សប្រជាជនកម្ពុជា។ លោកបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានចាប់តាំងពីបង្កើតឡើងមក និងមកដល់ពេលបច្ចុប្បន្ន គឺតម្កល់ស្មារតីស្មោះត្រង់នឹងជាតិ សាសនា ព្រះមហាក្សត្រ ហើយគ្រប់បេសកកម្មទាំងអស់ គឺដើម្បីជាតិ និងប្រជាជន។

ក្នុងពិធីនោះ លោក យូ សិរីវុឌ្ឍ បានគូសរំលេចនូវសមិទ្ធផលសំខាន់ៗមួយចំនួន ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានជូនជាតិ និងប្រជាជន។ ក្នុងនោះមានការតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩, ការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដើម្បីបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៨, ប្រឹងប្រែងកសាងប្រទេសទទួលបានកំណើនសេដ្ឋកិច្ច៧ភាគរយ រយៈពេល ២០ឆ្នាំជាប់គ្នា, កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ រហូតធ្លាក់នៅក្រោម ៩ភាគរយ នាពេលបច្ចុប្បន្ន។

«ប្រទេសយើងក្រោយថ្ងៃរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រខ្សត់ខ្លាំងណាស់ រកតែបាយហូបមិនបានផង។ តែក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារយៈពេលជាង ៤០ឆ្នាំមកនេះ ប្រទេសយើងបានរីកចម្រើនខ្លាំង ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ នេះជាសមិទ្ធផលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ លោកតែងតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាចម្បង រាល់គោលនយោបាយ រាល់សកម្មភាពរបស់បក្សប្រជាជន គឺដើម្បីជាតិ និងប្រជាជន»។ នេះជាការបញ្ជាក់របស់លោក យូ សិរីវុឌ្ឍ។

ទន្ទឹមនឹងគូសរំលេចពីសមិទ្ធផលដែលបក្សប្រជាជនសម្រេចបានហើយនោះ លោក យូ សិរីវុឌ្ឍ លើកទឹកចិត្តដល់សមាជិកថ្មីទាំងអស់ ប្រឹងប្រែងធ្វើសកម្មភាពបង្ហាញនូវសច្ចភាពនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ដើម្បីឈានទៅទទួលបានជ័យជម្នះក្នុងព្រឹត្តិការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ។

សូមបញ្ជាក់ថា នៅថ្ងៃម្សិលមិញនេះ លោក យូ សិរីវុឌ្ឍ និងក្រុមការងារ ក៏បាន ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ប្រមាណ ១,៦០០នាក់ផងដែរ។ នៅក្នុងកិច្ចសំណេះសំណាលនោះ លោក យូ សិរីវុឌ្ឍ បានលើកបង្ហាញពីសារៈសំខាន់នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងបានណែនាំឱ្យពួកគាត់នាំគ្នាទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា៕