(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំឧត្តមមន្រ្តីការពារជាតិអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ អាស៊ានបានបន្ត កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិ អាស៊ានបូក (ADSOM-Plus) បានចាប់ផ្តើម នាទីស្តីការក្រសួងការពារជាតិ។

កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិ អាស៊ានបូក (ADSOM-Plus) មានការចូលរួមពីភាគីអាមេរិក រុស្ស៉ី ចិន ជប៉ុន ឥណ្ឌា អូស្ត្រាលី កូរ៉េខាងត្បូង និងញូហ្សេឡែន។

កិច្ចប្រជុំនេះដឹកនាំដោយ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ហើយជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានផងដែរ។

កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិបូក (ADSOM-Pis) នឹងមានការស្ដាប់សេចក្តីរាយការណ៍របស់លេខាធិការដ្ឋានអាស៊ានស្តីពីការអភិវឌ្ឍថ្មីៗ នៅក្នុងអាស៊ាន និងរបាយការណ៍វឌ្ឍនភាពរបស់ក្រុមការងារជំនាញទាំង៧ វិស័យក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូករួមមានទី១៖ ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ, ទី២៖ សន្តិសុខលម្ហសមុទ្រ, ទី៣៖ វេជ្ជសាស្ត្រយោធា, ទី៤៖ ប្រឆាំងភេរវកម្ម, ទី៥៖ ប្រតិបត្តិការរក្សាសន្តិភាព, ទី៦៖ សកម្មភាពកម្ចាត់មីនដើម្បីមនុស្សធម៌ និង៧៖ សន្តិសុខ បច្ចេកវិទ្យាព័ត៌មាន។ កិច្ចប្រជុំក៏នឹងធ្វើការផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ព្រមទាំងពិនិត្យពិចារណាលើសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកស្តីពីកិច្ច សហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកបដោយភាពសុខដុម។

នៅក្នុងអំឡុងនៃកិច្ចប្រជុំ ប្រធានប្រតិភូនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសបូក បានចូលជួបសម្តែងការគួរសម សម្ដេចពិជ័យសេនា ទៀ បាញ់ នៅទីស្តីការក្រសួងការពារជាតិផងដែរ។

កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានបូក គឺជាយន្តការដ៏សំខាន់មួយសម្រាប់ការប្រុងប្រៀបរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ ដែលដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ នៅខែមិថុនា និងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។

កិច្ចប្រជុំទាំងពីរខាងលើនេះ គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធក្នុងឆ្នាំ២០២២ ក្នុងការជំរុញសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្ដិសុខតំបន់ក្នុងពេលបច្ចុប្បន្ន និងបញ្ហាប្រឈមកំពុងលេចឡើងថ្មីៗ ស្របតាមមូលបទ «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»