(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិត ឡេង ប៊ុនតេង ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានចុះសួរសុខទុក្ខអធិការ និងមន្ត្រីនគរបាលខណ្ឌជ្រោយចង្វារ និងមន្ត្រីអាវុធហត្ថខណ្ឌជ្រោយ ព្រមទាំងបានជូនអង្ករ ដល់អធិការរដ្ឋាន និងមន្ត្រីនៃបញ្ជាការដ្ឋានកងរាជអាវុធខណ្ឌ។

ក្នុងឱកាសនោះលោកបណ្ឌិត ឡេង ប៊ុនតេង ក៏បានផ្តល់អង្ករ១០០០គីឡូក្រាម ដើម្បីឲ្យមន្ត្រីនៃអធិការដ្ឋាន និងបញ្ជាការដ្ឋាន ដើម្បីទុកជួយប្រជាពលរដ្ឋដែលខ្វះខាតក្នុងមូលដ្ឋាន ក្នុងការងារមនុស្សធម៌ដល់តាមខ្នងផ្ទះ។

ជាមួយគ្នានេះ លោកបណ្ឌិត ឡេង ប៊ុនតេង សមាជិកថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ អនុប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ បានផ្តាំផ្ញើដល់លោកអធិការខណ្ឌ និងលោកមេបញ្ជាការអាវុធហត្ថ ត្រូវចូលរួមទាំងអស់គ្នា ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដើម្បីថែរក្សាសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះ លើគ្រប់វិស័យ ដែលបង្កលក្ខណៈងាយស្រួល ដល់ការអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន ជាពិសេសនាំមកនូវភាពសុខសាន្តដល់ប្រជាពលរដ្ឋរបស់យើង។ ប្រសិនបើប្រទេសជាតិគ្មានសុខសន្តិភាពទេ គឺគ្មានការអភិវឌ្ឍន៍ទេ លុះត្រាតែមានសុខសន្តិភាពបរិបូណ៍ពេញលេញ ទើបយើងមានពេលអភិវឌ្ឍន៍ប្រទេស ប្រជាពលរដ្ឋមានជីវភាពសំបូរសប្បាយ។

បន្ទាប់ពីសំណេះសំណាលជាមួយកងកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាន និងអាវុធហត្ថខណ្ឌ និងផ្តល់អង្ករដល់មន្ត្រីនគរបាលខណ្ឌ និងមន្ត្រីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌរួចមក លោក ឡេង ប៊ុនតេង ក៏បានចុះពិនិត្យទីតាំង ដែលខ្សែភ្លើងធ្លាក់មិនរៀបរយក្នុងមូលដ្ឋាន និងបានជួយដាក់បង្គោលភ្លើង បំពាក់អំពូលភ្លើង ដើម្បីឲ្យមានសោភណភាព បំភ្លឺផ្លូវ និងបង្ការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ តាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ៕