(ភ្នំពេញ)៖ លោកយាយចំណាស់ វ័យ៨៤ឆ្នាំ ដែលជាពលរដ្ឋខ្មែរ-អាមេរិកាំងមួយរូប បានចេញវីដេអូថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំយកថវិកា និងម៉ាស់ របស់គាត់ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាដើម្បីចូលរួមចំណែកជួយសង្គ្រោះដល់កុមារខ្មែរ។

តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន លោក យាយ ដោ ព្រឿង អាយុ៨៤ឆ្នាំ សព្វថ្ងៃរស់នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត ជាមួយកូនស្រីនោះ ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារផងដែរ ដែលបានអនុញ្ញាតឱ្យលោកយាយបានជួបជាមួយសម្ដេចតេជោ ហ៊ុន សែន នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។

បន្ថែមពីនេះ លោកយាយបានថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន ដែលបានតស៊ូប្រយុទ្ធការដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ជួយរំដោះលោកយាយ និងក្រុមគ្រួសារកូនចៅ បានរស់រៀនមានជីវិតរហូតមកដល់សព្វថ្ងៃនេះ។

សូមបញ្ជាក់ថា ក្នុងស្មារតីភក្តី និងនឹករលឹកចំពោះជាតិមាតុភូមិ បានជំរុញឱ្យលោកយាយខ្មែរ-អាមេរិកាំងមួយរូប មានវ័យ ៨៤ឆ្នាំទៅហើយនោះ សន្សំលុយ ២ពាន់ដុល្លារ និងចាក់ម៉ាស់ផ្ទាល់ដៃ ៥៦ម៉ាស់ ផ្ញើតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យកទៅជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាការរួមចំណែកក្នុងបុព្វហេតុជួយដល់កុមារកម្ពុជា។

ថវិកា ២ពាន់ដុល្លារ និងម៉ាស់ចាក់ដោយដៃ របស់លោកយាយ ដោ ព្រឿង ត្រូវបានមន្ត្រីខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី នាំយកទៅប្រគល់ជូនដល់មន្ទីរកុមារពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

លោកយាយ ដោ ព្រឿង មានកូន ៦នាក់ ប្រុស ០៣នាក់ ស្រី ០៣នាក់។ លោកយាយបានមកដល់សហរដ្ឋអាមេរិក ខែកញ្ញា ឆ្នាំ១៩៨០ ជាជនភៀសខ្លួន ឆ្លងកាត់ការរស់នៅក្នុងជំរំខៅអ៊ីដាង ប្រទេសថៃ។

ពេលទៅដល់សហរដ្ឋអាមេរិក លោកយាយ រស់នៅរដ្ឋវីជីញ៉ា (Virginia) រួចផ្លាស់ទីមករស់នៅទីក្រុងឡូវែល ក្នុងឆ្នាំ១៩៨៩។ លោកយាយជាអ្នកជួយមើលថែទាំកូនចៅរហូតមកដល់បច្ចុប្បន្ន។ លោកយាយស្រលាញ់សម្តេចតេជោខ្លាំងណាស់ បើទោះបីជាជិះលើរទេះរុញក៏ពិតមែន ប៉ុន្តែលោកយាយបានព្យាយាមស្កាត់ជួបសម្តេចតេជោ និងបានប្រគល់ជូននូវអំណោយទានដ៏សប្បរសធម៌នេះ ជូនសម្តេចតេជោ ដើម្បីសម្តេចប្រគល់ជូនដល់សកម្មភាពមនុស្សធម៌ របស់មន្ទីរពេទ្យកុមារគន្ធបុប្ផា៕