(ភ្នំពេញ)៖ ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិយាកាសស្ងប់ស្ងាត់ល្អ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមណែនាំដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងប្រធានគណៈកម្មការ ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) ដូចខាងក្រោម ៖

១៖ អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត

ក. អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត ត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យបោះឆ្នោត និងបរិវេណខាងក្នុង នូវជនទំាងឡាយដូចខាងក្រោម៖
* មន្រ្តីបោះឆ្នោត ដែលបានទទួលការតែងតំាងពី គ.ជ.ប
* ភ្នាក់ងារគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ និងដែលបានអនុញ្ញាត និងអ្នកសង្កេតការណ៍ដែលមានប័ណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប
* អ្នកសារព័ត៌មានដែលមានប័ណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប ។ ក្នុងករណីគ្មានប័ណ្ណសម្គាល់អនុញ្ញាត អ្នកសារព័ត៌មានអាចចូលក្នុងការិយាល័យបោះឆ្នោត ដើម្បីគោលបំណងបោះឆ្នោតតែប៉ុណ្ណោះ ប្រសិនបើគាត់មានឈ្មោះបោះឆ្នោតនៅការិយាល័យបោះឆ្នោតនោះ
* អ្នកដែលមានសិទ្ធិបោះឆ្នោត ហើយត្រូវបោះឆ្នោតនៅការិយាល័យបោះឆ្នោតនោះ
* ជនដែលអមដំណើរអ្នកបោះឆ្នោតជាជនមានពិការភាព តាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ១១៦ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
* ភ្នាក់ងារសន្តិសុខបោះឆ្នោត និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធាន គ.ក.ប ធ្វើសំណូមពរក្នុងករណីចាំបាច់។

ខ. អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត ត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត និងបរិវេណខាងក្នុងនូវជនទំាងឡាយដូចខាងក្រោម៖

* មន្រ្តីរាប់សន្លឹកឆ្នោត ដែលបានទទួលការតែងតាំងពី គ.ជ.ប
* ភ្នាក់ងារគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ និងដែលបានអនុញ្ញាតអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានដែលមានប័ណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប
* ភ្នាក់ងារសន្តិសុខបោះឆ្នោត និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធាន គ.ក.រ ធ្វើសំណូមពរ ក្នុងករណីចាំបាច់។

ទី២៖ អ្នកដែលមិនមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងបរិវេណខាងក្នុងនូវជនទំាងឡាយដែលមិនស្ថិតក្នុងចំណុចទី១ ខាងលើ។ អ្នកដែលប្រព្រឹត្តអំពើល្មើសដូចមានចែងក្នុងចំណុចខាងលើ ត្រូវទទួលពិន័យតាមមាត្រា១៧១ នៃ ច.ប.ឃ.ស ដោយការផាកពិន័យជាប្រាក់ពី ៥,០០០,០០០រៀល ទៅ ២០,០០០,០០០រៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។

ទី៣៖ អំពីកិច្ចសហការ និងការអនុវត្ត

គធ.ខប គឃ.សប និង គ.ក.ប/គ.ក.រ ត្រូវសហការជាមួយកម្លាំងសន្តិសុខបោះឆ្នោតតាមមូលដ្ឋាន និងតាមការិយាល័យនីមួយៗរៀងៗខ្លួន ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។

គធ.ខប ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត។

ទទួលបានសេចក្តីណែនាំនេះ ប្រធាន គធ.ខប ប្រធាន គឃ.សប និងប្រធាន គ.ក.ប/គ.ក.រ ត្រូវយកចិត្តទុកដាក់សហការអនុវត្តឱ្យមានប្រសិទ្ធភាព និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕