(ភ្នំពេញ)៖ ស្មារតីភក្តី និងនឹករលឹកចំពោះជាតិមាតុភូមិ បានជំរុញឱ្យលោកយាយខ្មែរ-អាមេរិកាំងមួយរូប មានវ័យ ៨៤ឆ្នាំទៅហើយនោះ សន្សំលុយ ២ពាន់ដុល្លារ និងចាក់ម៉ាស់ផ្ទាល់ដៃ ៥៦ម៉ាស់ ផ្ញើតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យកទៅជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាការរួមចំណែកក្នុងបុព្វហេតុជួយដល់កុមារកម្ពុជា។ កាយវិការស្រឡាញ់ជាតិមាតុភូមិរបស់លោកយាយ បាននាំឱ្យមានការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំង។

ថវិកា ២ពាន់ដុល្លារ និងម៉ាស់ចាក់ដោយដៃ របស់លោកយាយ ដោ ព្រឿង ត្រូវបានមន្ត្រីខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី នាំយកទៅប្រគល់ជូនដល់មន្ទីរកុមារពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

លោកយាយ ដោ ព្រឿង អាយុ ៨៤ឆ្នាំ សព្វថ្ងៃរស់នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត ជាមួយកូនស្រី។ លោកយាយមានកូន ៦នាក់ ប្រុស ០៣នាក់ ស្រី ០៣នាក់។ លោកយាយបានមកដល់សហរដ្ឋអាមេរិក ខែកញ្ញា ឆ្នាំ១៩៨០ ជាជនភៀសខ្លួន ឆ្លងកាត់ការរស់នៅក្នុងជំរំខៅអ៊ីដាង ប្រទេសថៃ។

ពេលទៅដល់សហរដ្ឋអាមេរិក លោកយាយ រស់នៅរដ្ឋវីជីញ៉ា (Virginia) រួចផ្លាស់ទីមករស់នៅទីក្រុងឡូវែល ក្នុងឆ្នាំ១៩៨៩។ លោកយាយជាអ្នកជួយមើលថែទាំកូនចៅរហូតមកដល់បច្ចុប្បន្ន។ លោកយាយស្រលាញ់សម្តេចតេជោខ្លាំងណាស់ បើទោះបីជាជិះលើរទេះរុញក៏ពិតមែន ប៉ុន្តែលោកយាយបានព្យាយាមស្កាត់ជួបសម្តេចតេជោ និងបានប្រគល់ជូននូវអំណោយទានដ៏សប្បរសធម៌នេះ ជូនសម្តេចតេជោ ដើម្បីសម្តេចប្រគល់ជូនដល់សកម្មភាពមនុស្សធម៌ របស់មន្ទីរពេទ្យកុមារគន្ធបុប្ផា ក្នុងពេលសម្តេចអញ្ជើញទៅអាមេរិកកាលពីពេលថ្មីៗនេះ។

លោកយាយ ដោ ព្រឿង ធ្លាប់បាននិយាយប្រាប់កូនចៅជាច្រើនលើកថា បំណងប្រាថ្នាចុងក្រោយរបស់លោកយាយ គឺចង់ជួបសម្តេចតេជោដោយផ្ទាល់ ដើម្បីអរគុណសម្តេចតេជោ ដែលបានជួយជីវិតលោកយាយ និងក្រុមគ្រួសារពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្រុមគ្រួសារលោកយាយទាំងមូល ស្ទើរតែត្រូវបានសម្លាប់ផុតពូជ។ ជាភ័ព្វសំណាង បន្ទាប់ពីធ្វើដំណើរជាង ១០ម៉ោងតាមរថយន្ត លោកយាយបានជួបសម្តេចតេជោដោយផ្ទាល់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅក្រៅសណ្ឋាគារ Wallard Inter Continental ក្នុងរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក ធ្វើអោយបំណងប្រាថ្នាលោកយាយ ក្នុងដំណាក់កាលចុងក្រោយ នៃជីវិតដូចបំណងប្រាថ្នា។

លើសពីនេះទៅទៀត លោកយាយពុំបានឱ្យកូនចៅទាំងអស់ដឹងថា លោកយាយបានសន្សំប្រាក់ផ្ទាល់ខ្លួន លាក់ក្នុងស្រោមសំបុត្រចំនួន ២ពាន់ដុល្លារ ជូនសម្តេចតេជោដោយផ្ទាល់ ដើម្បីឧបត្ថម្ភដល់មន្ទីរកុមារពេទ្យគន្ធបុប្ផានោះឡើយ។ លោកយាយក៏បានចំណាយពេលដេរម៉ាស់ ពីក្រណាត់សូត្រ និងហូលផាមួងខ្មែរ ដោយផ្ទាល់ដៃបានចំនួន ៥៦ម៉ាស់ ជូនសម្តេចតេជោ ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីត-១៩ នៅកម្ពុជា។

លោកយាយ ដោ ព្រឿង និយាយថា លោកយាយមិនបានជួយដល់ប្រទេសជាតិនោះទេ តែពេលនេះលោកយាយបានជួយតាមរយៈសម្តេចតេជោ ជូនដល់ប្រទេសកំណើតរបស់លោកយាយ គឺជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ពិសេសជួយដល់កុមារងាយរងគ្រោះ។

ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យកុមារគន្ធបុប្ផា បានថ្លែងនូវអំណរគុណចំពោះសណ្តានចិត្តប្រកបដោយព្រហ្មវិហាធម៌របស់សម្តេចជោ និងលោកយាយ ដោ ព្រឿង ចំពោះមន្ទីរពេទ្យកុមារគន្ធបុប្ផា និងសូមប្រសិទ្ធពរសម្តេចតេជោ និងលោកយាយ ដោ ព្រឿង មានសុខភាពល្អបរិបូរណ៍ និងមានអាយុយ៉ឺនយូរ៕