(កណ្តាល)៖ លោក ណុប រ័ត្ននិមល ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានផ្តាំទៅកាន់យុវជនជំនាន់ក្រោយឱ្យចូលរួមថែ រក្សាសុខសន្តិភាពជាមួយសម្តេចតេជោ ហ៊ុន សែន ឲ្យខានតែបានគ្រប់ៗគ្នា ព្រោះថា មានសន្តិភាព មានសេចក្តីសុខ សុភមង្គល គ្រប់បែបយ៉ាង និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ការផ្តាំផ្ញើបែបនេះរបស់លោក ណុប រ័ត្ននិមល បានធ្វើឡើងនៅក្នុងឱកាសលោក តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង និងលោកស្រី ប៉ែន ចន្នី បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនក្រុមគ្រូពេទ្យទូទាំងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ។

នាឱកាសនោះលោកបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមគ្រូពេទ្យ ដែលបានចូលរួមយ៉ាងសកម្មដើម្បីបំពេញភារកិច្ចផ្នែកសុខមាលភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសបានអនុវត្តយ៉ាងម៉ឹងម៉ាត់តាមការ ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមចំណែកណែនាំ ព្យាបាលអ្នកជំងឺនានា ជាពិសេសនាដំណាក់កាលរាតត្បាតកូវីដ១៩ ជាដើម។

លោក ណុប រ័ត្ននិមល បានបន្តថា «សុខសន្តិភាព មានមកដល់សព្វថ្ងៃនេះ មិនមែនកើតចេញពីការស្រមើលស្រម៉ៃ ឫក៏ជប់វាឡើងនោះទេ តតែវាកើតចេញពីកាបូជានូវសាច់ស្រស់ ឈាមស្រស់របស់ថ្នាក់ដឹកនាំ និងអតីតយុទ្ធជន ទើបពួកយើងមានសុខសន្តិភាពបានមកដល់សព្វថ្ងៃនេះ ហើយសន្តិភាព ប្រៀបបានទៅហ្នឹងខ្យល់អុកសុីសែនដែលពួកយើងមិនអាចខ្វះបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ទើបប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍»។

លោក ណុប រ័ត្ននិមល បានគូសបញ្ជាក់ថា កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដែលមាន សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុនសែន ជាប្រមុខ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានខិតខំយកចិត្តទុកដាក់ ចាត់តាំងក្រុមការងារ មកសួរសុខទុក្ខ និងចុះទៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ជាក់ស្តែងក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ដោយបានបង្កើតភាពស៉ាំនៅក្នុងសហគមន៍ រហូតធ្វើឱ្យប្រទេសកម្ពុជា ស្ទើរតែបើកឱ្យដំណើរការប្រក្រតីភាពឡើងវិញទាំងស្រុងជាដើម។ល។

ក្នុងឱកាសនោះដែរ លោក ណុប រ័ត្ននិមល បានពាំនាំនូវអំណោយដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់ក្រុមគ្រូពេទ្យ សាលាស្រុកកណ្តាលស្ទឹង កម្លាំងនគរបាល កងរាជអាវុធហត្ថ កម្លាំងសឹករង និងប្រជាការពារផងដែរ៕