(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយចុះ ជូនប្រជាពលរដ្ឋ ដែលខ្វះខាត ៥៨គ្រួសារ ស្ថិតនៅលើផ្លូវ២៨០ ច្រកឌឺងហែម សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។

លើកឡើងនាឱកាសនោះលោក ធឹម សំអាន ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខា កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនចំពោះក្រុមគ្រួសារទីទ័លក្រ និងងាយរងគ្រោះទាំងអស់ដោយក្តីនឹករលឹកផងដែរ។ លោកបញ្ជាក់ថា សកម្មភាពនាពេលនេះ គឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ជាមួយគ្នានេះដែរ លោក ធឹម សំអាន បន្ថែមថា ក្នុងរយៈប៉ុន្មានថ្ងៃកន្លងមកនេះលែងមានការឆ្លងជំងឺកូវីដ ប៉ុន្តែក៏សូមឱ្យប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋាន ខណ្ឌបឹងកេងកង ដែលមាន០៧សង្កាត់ និងអាជីវករតាមផ្សារ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង សូមមើលថែទាំសុខភាព និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋទីទ័លក្រទាំង ៥៨គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករចំនួន២៥គីឡូ, មីចំនួន១០កញ្ចប់, ទឹកត្រីចំនួន២ដប, ម៉ាសចំនួន១០ ផងដែរ៕