(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូនាំយកថវិកាមួយចំនួនចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ចំនួន៤២គ្រួសារ កាលពីយប់ថ្ងៃទី០៦ ខែឧសភា នៅភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ពិធីខាងលើក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

ក្នុងឱកាសសំណេះសំណាល គណៈប្រតិភូបាននាំនូវការចូលរួមសោកស្ដាយពី លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដល់ប្រជាពលរដ្ឋដែលត្រូវរងគ្រោះដោយអគ្គីភ័យឆាបឆេះ ដោយក្ដីសោកស្ដាយជាទីបំផុត។

លោក ណាសៀត អូស្មាន ក៏បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យ ដែលអាចកេីតជាយថាហេតុណាមួយដែលមិនអាចដឹងមុនទេ។ បន្ថែមពីនោះ គណៈអធិបតី ក៏បានលើកទឹកចិត្តដល់ពួកគាត់ កុំឲ្យអស់សង្ឃឹមឲ្យសោះ និងត្រូវតស៊ូទៅមុខបន្តទៀត។ ជាចុងក្រោយ លោកសង្ឃឹមថា នឹងមានសប្បុរសជនមកជួយបងប្អូនបន្តបន្ទាប់ទៀត ដោយលោកបានលើកទឹកចិត្តថា យើងរួមសុខ រួមទុក្ខជាមួយគ្នា ថ្នាក់ដឹកនាំមិនទុកបងប្អូនចោលនោះទេ។

គួរជម្រាបថា ថវិកាដែលបានចែកជូនប្រជាពលរដ្ឋដែលរងគ្រោះ ចំនួន៤២គ្រួសារ ដោយ៣០គ្រួសារ ដែលត្រូវភ្លើងឆេះគេហដ្ឋានទាំងស្រង់ទទួលបាន២០មុឺនរៀល និង៨គ្រួសារ ដែលត្រូវភ្លើងឆេះគេហដ្ឋានមធ្យម ក្នុងមួយគ្រួសារទទួលបាន១៥មុឺនរៀល និង៤គ្រួសារដែលត្រូវបានប៉ះពាល់ដោយអគ្គីភ័យ ដោយក្នុងមួយគ្រួសារទទួលបាន១០មុឺនរៀល ដែលសរុបជាថវិកាចំនួន ៧,៦០០,០០០រៀល ជាថវិការបស់សមាគមសម្ព័ន្ធយុវជនមុស្លិកម្ពុជាផ្ទាល់៕