(បន្ទាយមានជ័យ)៖ នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាបន្តថែរក្សាសន្តិភាព សមិទ្ធផលនានា និងការអភិវឌ្ឍ។

ការលើកឡើងបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងក្នុងឱកាសដឹកនាំក្រុមការងារចូលសម្ពោធអគារសិក្សា ០១ខ្នង ០៦បន្ទប់ និងសមិទ្ធផលនានា នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅក្រុងប៉ោយប៉ែត។

ថ្លែងក្នុងនាមសម្តេចតេជោ ហ៊ុន សែន, ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ពាំនាំការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមហាគ្រួសារអ្នកបន្ទាយមានជ័យ ពិសេសអ្នកក្រុងប៉ោយប៉ែត ដែលបានរួមគ្នាថែរក្សាបាននូវសុខសន្តិភាព ធ្វើការអភិវឌ្ឍមូលដ្ឋានបានរីកចម្រើន។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបន្តថា នយោបាយឈ្នះឈ្នះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាពពេញលេញ ហើយសន្តិភាពនេះជាទុនធំណាស់សម្រាប់ការអភិវឌ្ឍន៍ «មានសន្តិភាព មានការវិនិយោគ មានការងារមានចំណូលមានការអភិវឌ្ឍន៍មូលដ្ឋានបានរីកចម្រើន» មានផ្លូវ ទឹក អគ្គិសនី សាលារៀន កូនចៅបានរៀនសូត្រចេះដឹងចូលរួមជួយសង្គមគ្រួសារចៀសចាកផុតអំពើអបាយ គ្រឿងញៀន។ល។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់បន្តចូលរួមអនុវត្ត និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០២២-២០២៧ ឱ្យបានកាន់តែទូលំទូលាយ និងជ្រួតជ្រាបដល់គ្រប់ មូលដ្ឋាន ចុះសិក្សាស្វែងយល់ពីសុខទុក្ខ និងតម្រូវការប្រជាពលរដ្ឋមូលដ្ឋានឱ្យបានកាន់តែច្រើន និងស៊ីជម្រៅបន្តសកម្មភាពផ្សព្វផ្សាយអប់រំប្រជាជនមូលដ្ឋានឱ្យយល់ដឹងពីសារៈសំខាន់នៃព្រឹត្តិការណ៍នយោបាយនានា និងបំផុសចលនាចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម រក្សាបានភាពស្ងប់ស្ងាត់ ហ្នឹងនរ មិនជ្រួលច្របល់ តាមឧបាយកលចិត្តសាស្រ្តរបស់ពួកក្រុមអគតិ ដែលតែងតែបំពុលបរិយាកាសសង្គម និងការបោះឆ្នោត បន្តរួមគ្នាផ្សព្វផ្សាយសកម្មភាពនានា និងសមិទ្ធផលថ្មីៗ តាមរយៈប្រព័ន្ធបច្ចេកវិទ្យា រក្សាសាមគ្គីផ្ទៃក្នុង បន្តគោរពតាមនីតិវិធី និងច្បាប់បោះឆ្នោត ជំរុញប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅបោះឆ្នោតរួមគ្នាបន្តថែរក្សាសន្តិភាព សមិទ្ធផលនានា និងការអភិវឌ្ឍ។

ឆ្លៀតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំយកអំណោយជាសម្ភារ និងថវិកា ចែកជូនរួមមាន៖ ឧបត្ថម្ភកម្លាំងនគរបាល កងរាជអាវុធហត្ថ សឹករងស្រុក ប្រជាការពារ ក្រុមគ្រូពេទ្យក្នុង០១ក្រុមៗ ថវិកា៥០ម៉ឺនរៀល, ឧបត្ថម្ភប្រជាពលរដ្ឋចូលរួមទាំងអស់ម្នាក់ៗទទួលបាន១សារុង, ឧបត្ថម្ភក្រុមយុវជន គ្រប់លំដាប់ថ្នាក់ ១៧០នាក់ ម្នាក់ៗសារុង១ ថវិកា១ម៉ឺនរៀល, ឧបត្ថម្ភលោកគ្រូ អ្នកគ្រូ តាជី យាយជី ៦៥នាក់ ក្នុង១នាក់ ទទួលបានសារុង១ និងថវិកា១ម៉ឺនរៀល, ឧបត្ថម្ភសិស្សានុសិស្ស ១៨៦នាក់ ក្នុង១នាក់ ទទួលបានសៀវភៅ២ក្បាល ប៊ិច២ដើម និង ថវិកា ៥ពាន់រៀល និងឧបត្ថម្ភដល់សាលាបឋមសិក្សាអូរឬស្សីក្រោម ថវិកា១លានរៀលផងដែរ៕