(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ បានថ្លែងសម្តែងការគោរពអបអរសាទរចំពោះជោគជ័យដ៏ធំធេង ជាប្រវត្តិសាស្ត្រពុំធ្លាប់មាននៅកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានដឹកនាំប្រតិភូជាន់ខ្ពស់ចូលរួមក្នុងកិច្ចប្រជុំអាស៊ាន-អាមេរិកដោយជោគជ័យ ស្មើមុខស្មើមាត់នៅលើពិភពលោក។

នាយឧត្តមសេនីយ៍ បានចាត់ទុកថា សម្តេចតេជោជាអគ្គមគ្ទុទ្ទេសក៍ឯកនៃសន្តិភាពពេញលេញ និងការអភិវឌ្ឍសម្បូរណ៍សប្បាយរុងរឿងនៅកម្ពុជា ជាគំរូនៅក្មុងតំបន់ ក៏ដូចជាលើឆាកអន្តរជាតិ។

តាមរយៈខ្លឹមសារបង្ហោះតាមហ្វេសបុកផេករបស់សកលវិទ្យាល័យការពារជាតិ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា បានណែនាំច្បាស់ៗថា «ក្នុងនាមជាកងយោធពលខេមរភូមិន្ទ សាកលវិទ្យាល័យការពារជាតិ ជាស្ថាប័នបណ្តុះបណ្តាលដល់និស្សិតនិងសិក្ខាកាម ត្រូវចងចាំជានិច្ចអំពីភារកិច្ចស្នូលរបស់ខ្លួនគឺ ទោះតម្លៃណាក៏ដោយត្រូវការពារសន្តិភាព ឲ្យបាន អ្នកនៅទីនេះ ត្រូវស្មោះត្រង់ដាច់ខាត ចូលរួមថែរក្សាសន្តិភាព ប្រឆាំងដាច់ខាតចលនាឧទ្ទាម ចលនាបដិវត្តន៍ពណ៌ ដែលមានចរិកប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោតអប់រំបណ្តុះបណ្តាល និស្សិតសិក្ខាកាមឱ្យក្លាយជាកម្លាំងពិតមួយដែលស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រីនៃកម្ពុជា»

ជាថ្មីម្តងទៀត អតីតមេទ័ពឈរជើងការពារទឹកដីកម្ពុជាប្រចាំព្រំដែននៅក្នុងខេត្តព្រះវិហារ ពេលដែលមានសង្គ្រាមជាមួយថៃនោះកាលពីជាង១០ឆ្នាំមុននោះ នាយឧត្តមសេនីយ៍ ជា តារា បានបញ្ជាក់ថា «សាកលវិទ្យាល័យការពារជាតិ គោរព ស្មោះត្រង់ គាំទ្រ និងការពារបេក្ខភាពសម្តេចតេជោ ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជារៀងរហូត»

បន្ថែមពីលើនេះ នាយឧត្តមសេនីយ៍ បានចាត់ទុកថា ដំណើររបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់សហរដ្ឋអាមេរិកដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ជាមួយលោកប្រធានាធិបតី ចូ បាយដិន គឺជាព្រឹត្តិការណ៍ដែលពិតជាបាននាំមកនូវកិត្តិយស និងកិត្យានុភាពដ៏រន្ទឺគួរឲ្យពលរដ្ឋខ្មែរមានមោទនភាពយ៉ាងក្រៃលែង។

លោកថា «ពលរដ្ឋខ្មែរយើងពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះកិត្តិយស និងកិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។ មោទនភាពនៅត្រង់ថា កម្ពុជាដែលធ្លាប់តែជាប្រទេសខ្ទេចខ្ទាំ ដោយសង្គ្រាម តែពេលនេះបាន ក្លាយជា ប្រទេសដែលមានសន្តិភាពពេញលេញរហូតក្លាយជាគំរូនៃប្រទេសជាច្រើនក្នុងពិភពលោក។ កម្ពុជាដែលពីមុនត្រូវគេស្គាល់ថា ជាវាលពិឃាត តែឥឡូវនេះបានប្រែក្លាយជាប្រទេសពោរពេញទៅដោយស្នាមញញឹម និងក្តីសង្ឃឹមយ៉ាងមុតមាំ»

កម្ពុជាដែលពីមុនគេមិនសូវចាប់អារម្មណ៍ តែពេលនេះបានក្លាយជាប្រទេសគំរូមួយដែលពិភពលោកទទួលស្គាល់ និងរៀនសូត្រតាមដោយសារការគ្រប់គ្រងជំងឺកូវីដ១៩ បានយ៉ាងល្អបំផុត។ កម្ពុជាដែលពីមុនធ្លាប់ត្រូវបានពួកបរទេស មាក់ងាយមិនឲ្យតម្លៃ តែឥឡូវនេះ បានក្លាយជាដៃគូសន្ទនាស្មើមុខមាត់ និងប្រកបដោយកិត្តិយសពីគ្រប់ភាគីបរទេស រាប់ទាំងមហាអំណាចកំពូលៗដូចជាចិន និងសហរដ្ឋអាមេរិកជាដើម។ ទាំងអស់នេះពិតជាបានកើតមានឡើង ក្រោមរជ្ជកាលដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ជា តារា៕