(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ បានណែនាំទៅលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ពិនិត្យរៀបចំមន្ទីរពេទ្យហ្លូងម៉ែ ទៅជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក។

មន្ទីរពេទ្យហ្លូងម៉ែនេះ គឺជាមន្ទីរពេទ្យមួយសម្រាប់ទទួលបន្ទុកព្យាបាលអ្នកកើតជំងឺកូវីដ១៩ ហើយការណែនាំឲ្យពិនិត្យរៀបចំទៅជាមន្ទីរពេទ្យឯកទេសជំងឺមហារីករបស់សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីមិនមានអ្នកជំងឺកូវីដ១៩ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះទៀតឡើយ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្តេចតេជោ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «ថ្ងៃក្រោយមន្ទីរពេទ្យហ្លូងម៉ែ ឯកឧត្តម ម៉ម ប៊ុនហេង ពិនិត្យមើលអាចក្លាយទៅជាមន្ទីរពេទ្យជំងឺមហារីក។ យកមន្ទីរពេទ្យនេះមួយ គឺសម្រាប់តែបញ្ហាមហារីកតែម្ដង ដើម្បីឲ្យប្រមូលផ្ដុំទៅព្យាបាលនៅហ្លូងម៉ែ ព្រោះឥលូវបញ្ហាមហារីកកាន់តែច្រើន ចឹងយើងត្រូវតែមានកន្លែងមួយទុក។ គួរតែចាប់ផ្ដើមរៀបចំមន្ទីរពេទ្យនេះ ប្រែក្លាយទៅជាមន្ទីរពេទ្យខាងផ្នែកមហារីកតែម្ដង ព្រោះមិនដាក់អ្នកកើតកូវីដនៅទីនោះទៀតទេ»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា បច្ចុប្បន្នជំងឺមហារីកក៏មានច្រើន ហើយស្ថានភាពអ្នកជំងឹនោះ អ្នកខ្លះធ្ងន់ អ្នកខ្លះស្រាល។ បើទោះបីមានមន្ទីរពេទ្យព្យាបាលក៏ពិតមែន ប៉ុន្ដែមាននៅដាច់ដោយឡែកពីគ្នា ដូច្នេះសម្ដេចចង់ឲ្យរៀបចំមន្ទីរពេទ្យហ្លូងម៉ែនេះ ប្រមូលផ្ដុំទៅដោយវេជ្ជបណ្ឌិតឯកទេសជំងឺមហារីកតែម្ដង និងផ្ដល់ភាពងាយស្រួលក្នុងការព្យាបាលអ្នកជំងឺ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា បើទោះបីស្ថានភាពអ្នកកើតជំងឺកូវីដ១៩ មានការធ្លាក់ចុះក៏ពិតមែន ប៉ុន្ដែរាជរដ្ឋាភិបាល បានកសាងមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ព្រែកព្នៅយ៉ាងធំមួយ មានជាង១ម៉ឺនគ្រែ ហើយគ្រោងសាងសង់រួចរាល់ នៅដើមឆ្នាំ២០២៣។ សម្ដេចថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កំពុងជំរុញការសាងសង់។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានក្រាបបង្គំទូលថ្វាយលិខិតជូន សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ពីការទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះទៅដាក់ថា មន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ។ មន្ទីរពេទ្យនេះ បានប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ លុះថ្ងៃអនាគត មន្ទីរពេទ្យ «ហ្លួងម៉ែ» នឹងដាក់ឲ្យប្រើប្រាស់ព្យាបាលជំងឺទូទៅជារៀងរហូត។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីការទិញមន្ទីរពេទ្យមួយនេះ ដើម្បីប្រើប្រាស់ជាមន្ទីរពេទ្យរបស់រដ្ឋ។ ប៉ុន្ដែក្រោយការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន មានសប្បុរសជនជាច្រើននាក់ (អ្នកឧកញ៉ា និងឧកញ៉ា) បានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញមន្ទីរពេទ្យមួយនេះ៕