(ឆ្លូង-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការី បានចូលរួមក្នុងកម្មវិធីវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យការអនុវត្តគោលនយោបាយភូមិ -ឃុំមាន សុវត្ថិភាព នៅឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។

វេទិកានេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅបរិវេណវត្តពោធិហាន់ជ័យហៅវត្តហាន់ជ័យលើ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រី ជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំទាំង៨ក្នុងស្រុកឆ្លូង អភិបាលរងខេត្ត មន្ត្រីសមត្ថកិច្ចជំនាញខេត្ត- ស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិទាំង៤ក្នុងឃុំហាន់ជ័យ ព្រមទាំងមន្ត្រីអាជ្ញាធរមូលដ្ឋាន សរុបមានអ្នកចូលរួមប្រមាណ ៤៥០នាក់។

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់លោក ទិត ឌីម៉ង់ មេឃុំហាន់ជ័យ ពីស្ថានភាពទូទៅនៃការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពក្នុងឃុំហាន់ជ័យរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិបើកវេទិកាសាធារណៈ ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំវេទិកានេះ ដែលមានវត្ថុបំណងស្វែងយល់ពីការលំបាកទាំងឡាយនៅមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមចំពោះមុខឱ្យបានទាន់ពេល វេលា សម្រាប់ជាគុណប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោករដ្ឋ មន្ត្រី បាន គូសបញ្ជាក់ថា «ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានល្អ ជួយបង្កសុខសុវត្ថិភាពក្នុងមូលដ្ឋាន ដែលជាចំណែកសំខាន់មួយនៃសុខសន្តិភាពសង្គមជាតិ»

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក រដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានឃុំហាន់ជ័យ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំជាមួយប្រជាជននៅទូទាំងប្រទេស គាំទ្រយ៉ាងសកម្ម ចលនាជាតិក្រោមមគ្គុទេសក៍ប្រកបដោយគតិបណ្ឌិតដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការប្រយុទ្ធឈ្នះកូវីដ-១៩ នាំសង្គមជាតិមកកាន់ប្រក្រតីភាពដូចសព្វថ្ងៃ ។

ក្នុងកម្មវិធីបើកចំហ អ្នកចូលរួមវេទិកាបានចូលរួមពិភាក្សាដោះស្រាយបញ្ហានានានៅក្នុងមូលដ្ឋាន ដែលជាទុក្ខកង្វល់ការថ្នាំងថ្នាក់ខ្លះៗពាក់ព័ន្ធផ្ទាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរួមមានជាអាទិ៍៖

* បញ្ហាល្បែងស៊ីសង និងគ្រឿងញៀន នៅក្នុងសហគមន៍

* បញ្ហាយឺតយ៉ាវក្នុងការធ្វើឯកសារ ឬ លិខិតស្នាមផ្សេងៗជូនប្រជាពលរដ្ឋដូចជា អត្តសញ្ញាណប័ណ្ណពលរដ្ឋ ឯកសារកម្មសិទ្ធិដីធ្លី

* បញ្ហាជួយសម្រួលចរាចរសិស្សានុសិស្សពេលចេញ ចូលសាលារៀន។ល។

បញ្ហាទាំងឡាយនេះ ត្រូវបានពន្យល់បកស្រាយបំភ្លឺ និងសន្យាបេ្តជ្ញាជំរុញដោះស្រាយដោយមេប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ មន្ត្រីភូមិបាលស្រុក មេឃុំ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្ត និងអាជ្ញាធរអ្នកពាក់ព័ន្ធផ្សេងទៀត។

លោករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តក្រុមការងារគ្រប់លំដាប់ថ្នាក់សហការរៀបចំវេទិកាបែបនេះ នៅតាមមូលដ្ឋានភូមិ ឃុំបន្តទៅទៀតឱ្យបានផុលផុស។

ថ្លែងមតិបិទកិច្ចប្រជុំ លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានធ្វើការបូកសរុបលទ្ធផលនៃវេទិកាសាធារណៈដែលបង្កបាននូវបរិយាកាសយោគយល់ និងសាមគ្គីភាពនៅមូលដ្ឋានឃុំហាន់ជ័យ។

ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នាពេលដ៏ខ្លីខាងមុខ លោករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវរួមចំណែកផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជូនសាធារណជនពី សមិទ្ធផលចម្បងរបស់សង្គមជាតិយើង និងខិតខំរក្សាទំនាក់ទំនងផ្សារភា្ជប់ជិតស្និតជាប្រចាំជាមួយប្រជាពលរដ្ឋឱ្យបានចូលរួមបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាពនៃអនាគតរុងរឿងរបស់មាតុភូមិ និងប្រជាជនជានិរន្តន៍តរៀងទៅ៕