(ភ្នំពេញ)៖ លោក ឱម យ៉ិនទៀង ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌទួលគោក បានប្រកាសបញ្ជូលសមាជិកគណបក្សប្រជាជនថ្មីចំនួន ៧០០នាក់ទៀត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ទឹកល្អក់២ និងសង្កាត់បឹងសាឡាង ស្ថិតនៅសាលមហោស្របចេនឡា ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ពិធីនេះក៏មានការចូលរួមពីអនុប្រធានក្រុមការងារចុះជួយខណ្ឌទួលគោក និងលោក-លោកស្រី ប្រធានក្រុមការងារចុះជួយសង្កាត់ ព្រមទាំងលោក-លោកស្រី ក្រុមការងារគណបក្សប្រជាជនកម្ពុជា ជាច្រើនរូបផ្សេងទៀតផងដែរ។

លើកឡើងនាឱកាសលោក ឱម យ៉ិនទៀង បានថ្លែងបញ្ជាក់ថា បងប្អូនទាំងអស់គ្នាពិតជាសម្រេចចិត្តបានត្រឹមត្រូវ ក្នុងការមកជ្រកក្រោមម្លប់គណបក្សប្រជាជនកម្ពុជា ព្រោះថាគណបក្សប្រជាជនកម្ពុជា ជាបក្សនយោបាយដែលមានវ័យចំណាស់ជាងគេមួយ និងជាបក្សដែលបានសាងស្នាដៃជាច្រើនសម្រាប់សង្គមជាតិ ជាពិសេសគឺការនាំមកនូវសុខសន្តិភាព ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

លោកបានបន្តទៀតថា មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព សន្តិភាពនាំមកនូវស្ថិរភាព និងការអភិវឌ្ឍ ជាមួយគ្នានោះ រាជរដ្ឋាភិបាលបានគិតគូរយ៉ាងខ្លាំងចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងពេលវិបត្តិកូវីដ-១៩នេះ។ លោក ឱម យ៉ិនទៀង ក៏បានអំពាវនាវដល់សមាជិកគណបក្សប្រជាជនដែលបានចូលថ្មីទាំងអស់ ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយសមាជិកចាស់ និងត្រូវរួមគ្នា ជួយឱ្យបក្សកាន់តែរីកចំរើនថែមទៀត។

លោក ឱម យ៉ិនទៀង លោកបញ្ជាក់ទៀតថា សមាជិកបក្សចាស់ថ្មីមានតួនាទីយ៉ាងសំខាន់ក្នុងការខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស សំដៅការកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវីធីនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋនានា ដោយត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្សជានិច្ច និងការជួយគ្នាទៅវិញទៅមក និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាពទាំងគុណធម៌ សីលធម៌ដើម្បីសម្រេចភារកិច្ចជូនសង្គមជាតិ។

ជាមួយគ្នានោះ ត្រូវរួមគ្នាចូលរួមទប់ស្កាត់ល្បិចកលរបស់ក្រុមប្រឆាំងក្រៅច្បាប់ទាំងក្នុង និងក្រៅប្រទេស ដែលបំផ្លើសពីការពិតនៅកម្ពុជា រួមជាមួយពួកបរទេសមួយចំនួនទៀត ដែលបានអំពាវនាវឱ្យមានការបះបោរផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ជាហេតុនាំឱ្យមានចលាចលប៉ះពាល់ដល់ស្មារតីសាមគ្គីផ្ទៃក្នុងជាតិទាំងមូល និងផលប្រយោជន៍ប្រជាជនទូទាំងប្រទេស៕