(កណ្ដាល)៖ ឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យកើតអគ្គិភ័យឆាបឆេះបន្ទប់ជួលអស់១១បន្ទប់, រោងដាក់ក្រណាត់ និងឃ្លាំងផ្សារដែកទាំងស្រុង ហើយនគរបាលប្រើប្រាស់ឡានទឹកអស់១១ឡាន ទើបបាញ់បានរលត់ទាំងស្រុងនៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២២នេះ។

នេះបើតាមលោក ផាន់ វណ្ណី នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបញ្ជាក់មកកាន់ភ្នាក់ងារ Fresh News នៅយប់នេះ។ ទីតាំងខាងលើស្ថិតនៅភូមិដើមគរសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីគ្រោះអគ្គិភ័យភ្លាម លោកបានចេញឡានមកភ្លាម ព្រោះទីតាំងនេះពុំសូវឆ្ងាយពីស្នងការដ្ឋាននោះទេ ដោយប្រើប្រាសើរថយន្តពន្លត់អគ្គិភ័យស្នងការនរគបាលខេត្តកណ្តាលចំនួន០២គ្រឿងប្រើប្រាស់០៤ឡាន។ រថយន្តពន្លត់អគ្គិភ័យ នាយកដ្ឋានចំនួន០៤គ្រឿង ប្រើប្រាស់០៤ឡាន។ រថយន្តពន្លត់អគ្គិភ័យបញ្ជាការដ្ឋានអង្គរក្សចំនួន០២គ្រឿង ប្រើប្រាស់០៣ឡាន។ រថយន្តពន្លត់អគ្គិភ័យស្រាបៀកម្ពុជា​ចំនួន០១គ្រឿង​មិនបានប្រើប្រាស់ទឹក។ សរុបអស់០៩រថយន្ត ប្រើប្រាស់ទឹកសរុបអស់១១ឡាន។

លោកបន្តថា ម្ចាស់ទីតាំងឈ្មោះ ញឹម សុខ ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរនៅផ្ទះអាសយដ្ឋានបច្ចុប្បន្ន រស់នៅភូមិលេខ៤ សង្កាត់អូឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សម្ភារៈខូចខាតរួមាន៖
- ឆេះបន្ទប់ជួលចំនួន១១បន្ទប់ និងរបស់ប្រើប្រាស់ក្នុងបន្ទប់ជួលទាំងស្រុង។
- ឆេះកំទេចក្រណាត់សំរាប់ធ្វើខ្នើយ៕