(វ៉ាស៊ីតោន, អាមេរិក)៖ បើទោះបីកំពុងនៅឆ្ងាយពីប្រទេសជាង ១ម៉ឺនគីឡូម៉ែត្រក្តី តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តតាមដានជាប់ជាប្រចាំចំពោះស្ថានការណ៍របស់ប្រទេសជាតិ តាមរយៈមន្ត្រីជាសេនាធិការ។ នៅយប់ថ្ងៃទី១៣ ខែឧសភា (ម៉ោងនៅកម្ពុជា) ត្រូវនឹងវេលាព្រឹកថ្ងៃទី១៣ ខែឧសភា (ម៉ោងនៅក្រុងវ៉ាស៊ីនតោន) សម្តេចតេជោ ហ៊ុន សែន បានបន្តផ្ញើសារជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩។

ក្នុងសារសំឡេងផ្ញើជូនរួមជាតិនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃកម្ពុជាមិនមានការឆ្លងជំងឺកូវីដ១៩ ករណីថ្មីនោះទេ ហើយនេះជាថ្ងៃទី៧ហើយ ដែលកម្ពុជាមិនមានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩។ បើទោះបីមិនមានករណីឆ្លងថ្មីយ៉ាងណាក្តី តែសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ដែលតែខ្វាយខ្វល់ពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។