(វ៉ាស៊ីនតោន, អាមេរិក)៖ បើទោះបីកំពុងមមាញឹកនឹងការងារលើទឹកដីអាមេរិក តែអារម្មណ៍នឹករលឹក និងមនោសញ្ចេតនាបងប្អូនដ៏ជ្រាលជ្រៅ ធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែនឹករលឹកដល់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសជាទីគោរពស្រឡាញ់របស់សម្តេច។

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ម៉ោងនៅកម្ពុជា ត្រូវនឹងវេលាអាធ្រាត្រថ្ងៃទី១២ ខែឧសភា ម៉ោងនៅវ៉ាស៊ីនតោន សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតបង្ហាញអារម្មណ៍នឹកនាដល់បងប្រុស និងចែករំលែកនូវរឿងរ៉ាវជាមោទនភាពសម្រាប់ជាតិ និងប្រជាជន ជូនដល់វិញ្ញាណក្ខន្ធរបស់បងប្រុសផងដែរ។

ខាងក្រោមគឺជាខ្លឹមសារទាំងស្រុងនៃសំណេររបស់សម្តេចតេជោ ហ៊ុន សែន៖

បងប្រុសបន្ទាប់ពីបងចែកឋានដោយមិនបានលាឬផ្តាំផ្ញើប្រពន្ធកូន ចៅ និងបងប្អូនញាតិមិត្តក៏ដោយចុះ តែមរណភាពរបស់បងត្រូវបានព្រះមហាក្សត្រ និងព្រះមាតាជាតិ ព្រះប្រទានព្រះរាជសាររំលែកទុក្ខ។ ព្រះមហាក្សត្រជាទីសក្ការៈបានប្រោសប្រទានគោរម្យងារជូនបងជាសម្តេចថែមទៀតផង។

ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិព្រមទាំងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់ជាន់ថ្នាក់បានផ្ញើសាររំលែកទុក្ខ និងចូលរួមគោរពវិញាណក្ខន្ធ ក៏ដូចជាចូលរួមបុណ្យសពបង។ ព្រះសង្ស និងប្រជាជនក៏បង្ហាញសមាណចិត្តអាណិតស្រឡាញ់បងនិងក្រុមគ្រួសារ។

ពេលប្អូនមកកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមប្រជុំអាស៊ាន-អាមេរិក ថ្នាក់ដឹកនាំអាស៊ាន ចូលរួមមរណទុក្ខជាថ្មីម្តងទៀត បន្ទាប់ពីបញ្ជូនសារលិខិតរំលែទុក្ខលើកមុន។

ពេលជំនួបរវាងថ្នាក់ដឹកនាំអាស៊ានជាមួយថ្នាក់ដឹកនាំធុរកិច្ចអាមេរិក អ្នកសម្របសម្រួលកម្មវិធីឆ្លៀតសំដែងនូវមរណទុក្ខក្នុងអង្គប្រជុំផ្លូវការ។

ទៅលើសពីនេះអ្វីដែលខ្ញុំភ្ញាក់ផ្អើល និងរំភើបនោះ ប្រធានាធិបតីសហអាមេរិក ចូ បៃដិន (Joe Biden) តែម្តងដែលនិយាយមកកាន់ខ្ញុំថា (សូមចូលរួមរណទុក្ខ ចំពោះបងប្រុសរបស់ឯកឧត្តម)។

នេះជាពាក្សដែលគាត់និយាយមុនគេ បន្ទាប់ពីគាត់អានសុន្ទរកថា ក្នុងនាមប្រធានាធិបតីអាមេរិក ឯខ្ញុំអានសុន្ទរកថាក្នុងនាមជាប្រធានអាស៊ាន និងប្រធានាធិបតីឥណ្ឌូនេស៉ី អានសុន្ទរកថា ក្នុងនាមប្រទេសសម្របសម្រួលអាស៊ាន-អាមេរិក។ គាត់ជាមនុស្សពោពេញដោយមនោសញ្ចេតនា គួរគោរពដោយសារគាត់ធ្លាប់បាត់បង់កូនប្រពន្ធ និងបងប្អូនដែរ ដូចនេះគាត់យល់ពីអារម្មណ៍សោកសៅរបស់ខ្ញុំនៅពេលនេះ ហើយដែលគាត់បាននិយាយរឿងទាំងនេះមកកាន់ខ្ញុំ។

ខាងភាគីសហរដ្ឋអាមេរិក ដែលបានបញ្ចេញយោបល់ សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ខ្ញុំ មកសហរដ្ឋអាមេរិក ដើម្បីរួមចំណែកសម្រាប់ការសម្រេចបានលទ្ធផល នៃការប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។

សូមវិញាណក្ខន្ធបងប្រុសទៅឱ្យបានស្ងប់ចុះ៕