(អារ៉ាប៊ីសាអ៊ូឌីត)៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស សមាជិកឧត្ដមក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការពិភពឥស្លាម (RABITA) បានអញ្ជើញចូលរួមក្នុងវេទិកាគុណតម្លៃរួម រវាងសាសនានានា ដោយវេទិកានេះធ្វើឡើងនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

វេទិកានេះធ្វើឡើងក្នុងគោលបំណងបង្កើតនូវទស្សនៈអរិយធម៌ ដើម្បីបណ្តុះតម្លៃពីការនិយមកណ្ដាល ក្នុងសហគមន៍មនុស្សជាតិ និងដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តការរវាងប្រជាជនដែលកាន់សាសនាផ្សេងៗគ្នា ជាមួយនឹងបង្កើនការផ្សព្វផ្សាយ ការយល់ដឹងនូវនិយមន័យ សន្តិភាព និងសុខដុមនីយកម្ម រវាងថ្នាក់ដឹកនាំសាសនានានា។ វេទិកានេះបានផ្តល់នូវគោលគំនិតដ៏មានប្រសិទ្ធភាព និងឥទ្ធិពលនៅក្នុងសង្គមសម្រាប់ការរក្សាគុណតម្លៃនៃសន្តិភាព និងសុខដុមរមនា ជាតិសាសន៍ និងសាសនាចំរុះ។

ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានផ្លាស់ប្តូរទស្សនៈវិស័យមួយចំនួន ជាមួយថ្នាក់ដឹកនាំសាសនានានា ជុំវិញពិភពលោក ស្ដីពី សុខដុមរមនា ជាតិសាសន៍ និងសាសនា។

លោកបណ្ឌិតក៏បានលើកឡើង ពីភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា ដែលមានប្រជាពលរដ្ឋប្រកាន់យកសាសនា ព្រះពុទ្ធជាសាសនារបស់រដ្ឋមានប្រមាណជាង ៩៣ភាគរយ ឥស្លាម ៥ភាគរយ និងសាសនាផ្សេងៗ២ ភាគរយ នៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យកម្ពុជាទទួលបានសុខដុមនីយកម្ម គ្មានជម្លោះសាសនា គ្មានការរើសអើង និងជាពិសេស ទៅទៀត សហគមន៍ឥស្លាម ក៏ទទួលបាននូវការយកចិត្តទុកដាក់ និងការផ្តល់ជូនជាច្រើន ដែលបានធ្វើឲ្យមានការរីកចម្រើន ទាំងវិស័យអប់រំ និងសេដ្ឋកិច្ចសង្គម ប្រែមុខមាត់ដូចប្រជាជនទូទៅ។

លោកបណ្ឌិតបន្តលើកឡើងពីសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជាទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា ដូចជារដ្ឋាភិបាលបានអនុញ្ញាត ឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម ក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីការទូតជាន់ខ្ពស់ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការនានា។

លើសពីនោះទៀតនោះ រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឲ្យបុរសមុស្លិមអាចពាក់កាតឹប និងស្រ្តីឥស្លាមអាចទទូរក្បាល ធ្វើលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬថតរូបសម្រាប់ឯកសាររដ្ឋបាលផ្សេងៗ។

សិស្ស-និស្សិតស្រ្តីឥស្លាម អាចស្លៀកពាក់ប្រពៃណី និងទទូរក្រមានៅក្នុងពេលរៀន ទាំងនៅគ្រឹះស្ថានអប់រំរបស់រដ្ឋ និងឯកជន។ បន្ថែមពីនេះ រាជរដ្ឋាភិបាល ក៏បានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមចំនួនប្រមាណ១,៥០០នាក់ ទៅក្នុងក្របខណ្ឌគ្រូបង្រៀននៃក្រសួងអប់រំ យុវជន និងកីឡា និង១៨០នាក់ជាមន្រ្តីជាប់កិច្ចសន្យា។ល។

គួរជម្រាបផងដែរថា វេទិកានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំសាសនានានា ជាង១០០នាក់ មកពីជុំវិញពិភពលោកជាង ១០០ប្រទេស ក្នុងនោះ មានឥស្លាមសាសនា, ព្រះពុទ្ធសាសនា, ជ្វីហ្វសាសនា, គ្រិស្តសាសនា៕