(កំពង់ធំ)៖ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោក ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ១ និងក្រីក្រ២ និងផ្សព្វផ្សាយគោលនយោបាយចាស់ និងសកម្មភាពថ្មី លើវិស័យដីធ្លីរបស់រាជរដ្ឋាភិបាល ដល់ប្រជាពលរដ្ឋប្រមាណ ៥០០នាក់ ស្ថិតនៅក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ថ្លែងនាឱកាសនោះលោក ងួន រតនៈ ក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីគោលនយោបាយចាស់សកម្មភាពថ្មី លើវិស័យដីធ្លីរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលគោលនយោបាយនេះសម្រាប់បែងចែកជូនកងទ័ព និងប្រជាពលរដ្ឋក្រីក្រ គ្មានដី ឬពលរដ្ឋដែលមានដីតិចតួចតែប៉ុណ្ណោះ។

លោក ងួន រតនៈ បានបញ្ជាក់បន្ថែមទៀតថា ចំពោះប្រជាពលរដ្ឋក្រីក្រដែលរស់នៅក្នុងឃុំគោល ហើយមានជីវភាពខ្វះខាត ដែលគ្មានដីពិតប្រាកដ សូមមកដាក់ ពាក្យ តាមរយៈលោកមេឃុំ ដើម្បីស្នើសុំដីសម្បទានសង្គមកិច្ច។

លោក ងួន រតនៈ ក៏បានជំរុញឲ្យអាជ្ញាធរភូមិ ឃុំ ស្រុក ខិតខំដោះស្រាយអំពីបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋជួបប្រទះ និងសំណូមពរ ព្រមទាំងហាម ប្រជាពលរដ្ឋ មិនត្រូវបន្តរុករានកាន់ កាប់ដីព្រៃ ដែលជាដីរបស់រដ្ឋដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបន្តទៀតនោះទេ៕