(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ គណបក្សខេត្តបន្ទាយមានជ័យ មានរៀបចំពិធីប្រកាសអនុប្រធាន នៃអនុគណៈកម្មការប្រតិកម្ម និងវាយបក ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី កែ កឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណារាស្រ្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។

ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិមូលដ្ឋាន និងក្រុមការងារយុវជនក្នុងខេត្តបន្ទាយមានជ័យផងដែរ។

ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បានមានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំបំពេញការងារ និងលទ្ធផលសម្រេចបានរបស់ក្រុមការងារគ្រប់ផ្នែក ពិសេសក្រុមការងារ នៃអនុគណៈកម្មការប្រតិកម្ម និងវាយបក របស់គណបក្សប្រជាជននៅតាមខេត្តបន្ទាយមានជ័យ និងក្រុងស្រុកឃុំសង្កាត់របស់ខេត្តបន្ទាយមានជ័យទាំងមូល។

ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បានបន្តថា «ប្រជាពលរដ្ឋ និងយុវជនត្រូវឆ្លៀតទាញយកផលប្រយោជន៍ពីសុខសន្តិភាព និងការរីកចម្រើនរបស់ប្រទេសជាតិ ហើយការចូលរួមរបស់ក្រុមប្រតិកម្មរហ័ស និងវាយបកនាពេលកន្លងមកគឺជាកញ្ចក់ឆ្លុះបញ្ហា ឱ្យអ្នកពាក់ព័ន្ធចុះជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋយើងបានឆាប់រហ័សទាន់ពេល»

ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានថ្លែងមន្ថែមទៀតថា ក្រុមប្រតិកម្មរហ័ស និងវាយបក បានចូលរួមឆ្លើយតបទាន់ពេលបន្សាបការផ្សព្វផ្សាយព័ត៌មានមិនពិតបំពុលសង្គម ពីសំណាក់ក្រុមប្រឆាំង និងពួកអគតិដែលចង់បំផ្លាញ សន្តិភាព ដែលយើងទាំងអស់រកបានយ៉ាងលំបាក និងសូមបន្តការងាររបស់យើងបន្តទៀត។

ជាមួយគ្នានេះជាទ្រនាប់ដៃ លោក កែ គឹមយ៉ាន បានឧបត្ថម្ភដល់អ្នកចូលរួមទាំងអស់សរុបថវិកា៥លានរៀលផងដែរ៕