(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីជូនដំណឹង រំលឹកថាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើឡើងជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឲ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា អំឡុងពេលនេះ មិនទាន់ដល់ថ្ងៃឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ទេ។ គ.ជ.ប សុំឲ្យគណបក្សនយោបាយដែលកំពុងធ្វើសកម្មភាពផ្ទុយពីច្បាប់បោះឆ្នោត និងផ្ទុយពីបទបញ្ជា និងនីតិវិធីពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត ត្រូវបញ្ឈប់ជាបន្ទាន់។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្លាប់បានចេញសេចក្តីជូនដំណឹងលេខ០៤២ គ.ជ.ប ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ រួចហើយ ដល់គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតផ្លូវការ អំពីការហាមធ្វើសកម្មភាពនានា ដូចចែងក្នុងមាត្រា ៦៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ច.ប.យ.ស) មុនពេលកំណត់ ដូចមានចែងក្នុងមាត្រា ៧០ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់។

គ.ជ.ប ចាត់ទុកថា រាល់ការធ្វើសកម្មភាពឃោសនាបោះឆ្នោតដែលផ្ទុយពីមាត្រា៧០ ត្រូវទទួលទោសតាមមាត្រា១៨៤ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។

ក្នុងខ្លឹមសារ នៃសេចក្តីជូនដំណឹងខាងលើ គ.ជ.ប បានបញ្ជាក់ជូនថា តាមស្មារតីនៃមាត្រា៦៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ច.ប.ឃ.ស) ការឃោសនាបោះឆ្នោតមានគោលបំណងឲ្យ គណបក្សនយោបាយ ដែលបានអនុញ្ញាតឲ្យចុះបញ្ជីបេក្ខជន និមិក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍឃុំ សង្កាត់ដល់អ្នកបោះឆ្នោត តាមរយៈការធ្វើសកម្មភាពជាសាធារណៈចំនួន ១១ ចំណុចដូចមានចែងក្នុងមាត្រា៦៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោត ឲ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។

ការធ្វើសកម្មភាពណាមួយដូចបានបញ្ជាក់ខាងលើរបស់គណបក្សនយោបាយ ដែលបានអនុញ្ញាតជាផ្លូវការឲ្យចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ត្រូវចាត់ទុកថាជាសកម្មភាពឃោសនាបោះឆ្នោត។ សកម្មភាពឃោសនាបោះឆ្នោតនេះ មានរយៈពេល ១៥ (ដប់បួន) ថ្ងៃ ហើយគ្រប់សកម្មភាពឃោសនាត្រូវបញ្ឈប់ ២៤ (ម្ភៃបួន) ម៉ោង មុនថ្ងៃបោះឆ្នោត ស្របតាមមាត្រា៧០ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

គ.ជ.ប សូមអំពាវនាវដល់គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយផ្លូវការ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងក្រមសីលធម៌ដែលបានកំណត់ដោយ គ.ជ.ប៕