(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាមគ្គទេសក៏ និងជាមេដឹកនាំកាច់ចង្កូតនាវាកម្ពុជា ផ្តើមពីចំណុចសូន្យ ឱ្យធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ព្រមទាំងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ការលើកឡើងបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងក្នុងឱកាសដឹកនាំក្រុមការងារលោកអញ្ជេីញសម្ពោធឆ្លងគរុនិវេសនដ្ឋានកុដិ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅវត្តប្រាសាទស្រះកណ្ដាល (វត្តខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ បន្ទាយមានជ័យ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានរម្លឹកនូវមហាវិនាសកម្មប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលកម្ពុជាទាំងមូលទទួលរងនូវការបំផ្លាញគ្រប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ធនធានមនុស្ស វត្តអារាម និងសាសនាផ្សេងៗទៀត ជាសមុទ្រឈាម និងភ្នំឆ្អឹង។ រហូតក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាពលរដ្ឋត្រូវបានសង្រ្គោះឱ្យរស់រានមានជីវិតបានជួបជុំគ្រួសារ

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្តទៀតថា «ក្រោមនយោបាយឈ្នះឈ្នះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កម្ពុជាចាប់ផ្តើមស្តារ និងកសាងជាថ្មីឡើងវិញដោយចាប់ផ្តើមពីចំណុចសូន្យ ឬបាតដៃទទេ រហូតទទួលបាននូវសន្តិភាព និងការអភិវឌ្ឍន៍ទាំងវិស័យ សាសនា សង្គមវប្បធម៌ សេដ្ឋកិច្ច សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ តម្រូវការមូលដ្ឋានរបស់ប្រជាពលរដ្ឋត្រូវបានលើកតម្កើង និងអភិវឌ្ឍន៍ ជាក់ស្តែងព្រះពុទ្ធសាសនាត្រូវបានចាត់ទុក ជាសាសនារបស់រដ្ឋ និងសុដុមនីយ៍កម្មសាសនា និងកម្ពុជាបានស្មើមុខមាត់ ស្មើភាព និងស្មើសិទ្ធិរាល់កិច្ចការអន្តរជាតិ ជាពិសេសឆ្នាំ២០២២នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំប្តូរវេននៃកិច្ចប្រជុំកំពូលអាស៊ាន និងជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ហេីយថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិក នៅសហរដ្ឋអាមេរិក»

បន្ថែមពីនេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ក្រោមម្លប់សន្តិភាពចូលរួមកសាងមូលដ្ឋានខេត្តបន្ទាយមានជ័យ បានរីកចម្រេីន និងចូលរួមអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់បន្តបន្ទាប់ រហូតកសាងបាននូវសុវត្ថិភាពសហគមន៍ពីបញ្ហាគ្រឿងញៀន និងអញ្ជេីញទៅបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ឱ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បាននាំយកអំណោយជាថវិកាចែកជូនរួមមាន៖

ទី១៖ ឧបត្ថម្ភកម្លាំងនគរបាល កងរាជអាវុធហត្ថ ប្រជាការពារ ក្រុមគ្រូពេទ្យក្នុង០១ក្រុមៗ ថវិកា៥០ម៉ឺនរៀល។
ទី២៖ ឧបត្ថម្ភប្រជាពលរដ្ឋចូលរួមទាំងអស់ម្នាក់ៗទទួលបាន១សារុង។
ទី៣៖ ឧបត្ថម្ភ ស.ស.យ.ក ក្រុមការងារយុវជន ក្រុមការងារអភិវឌ្ឍយុវជន ខេត្តបន្ទាយមានជ័យ និងក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញចំនួន១លានរៀល ផងដែរ៕