(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ អញ្ជើញចូលរួមនៅក្នុង «វេទិកាកេសរកូលជាតិលើកទី២» និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «សៀវភៅមគ្គទេសក៍ស្តីពីគ្រឿងទេស» នៅកម្ពុជា។

វេទិកានេះ បានរៀបចំឡើងនៅអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ស្ថានទូត អង្គការដៃគូ វិស័យឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធ។

សៀវភៅគ្រឿងទេសនេះបានរៀបចំឡើង ដើម្បីកំណត់អត្តសញ្ញាណ ចងក្រងទុកជាឯកសារអំពីលក្ខណៈជីវសាស្ត្រ រូបសាស្ត្រ សារប្រយោជន៍ ចំណេះដឹងជាប្រពៃណី និងរបៀបនៃការប្រើប្រាស់រុក្ខជាតិគ្រឿងទេសនៅកម្ពុជា ដែលប្រជាជនតែងតែអនុវត្តតាំងពីដូនតា សម្រាប់ធ្វើជាគ្រឿងផ្សំក្នុងម្ហូបអាហារប្រចាំថ្ងៃ និងជាឱសថថែរក្សាសុខភាព និងព្យាបាលជំងឺ។

សៀវភៅមគ្គទេសក៍ស្ដីពីគ្រឿងទេសនៅប្រទេសកម្ពុជា នឹងមានចែកជូនដល់សាធារណជនបណ្តាញសារព័ត៌មាន តំណាងស្ថាប័ន និងសិស្សនិស្សិតដែលអញ្ជើញចូលរួមក្នុងវេទិកាកេសរកូលជាតិលើកទី២ និងទស្សនាពិព័រណ៍កេសរកូល នៅអគារខេមរានី។

វេទិកានេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖

១៖ ផ្សព្វផ្សាយឱ្យសាធារណជនបានស្គាល់ពីប្រភេទកេសរកូលព្រៃរបស់កម្ពុជា
២៖ ចែករំលែកព័ត៌មានស្តីពីវឌ្ឍនភាពនៃការរៀបចំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន
៣៖ ចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិ
៤៖ ផ្សារភ្ជាប់បណ្តាញអ្នកសិក្សាស្រាវជ្រាវ និងពង្រឹងការអភិរក្សកេសរកូលព្រៃនៅកម្ពុជា៕