(កណ្តាល)៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល និងជាប្រធានអនុសាខាកាកបាទក្រហមស្រុក និងលោកស្រី, លោក អ៊ុ ចន ប្រធានក្រុមប្រឹក្សាស្រុក និងសហការី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ បានចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៩៦គ្រួសារ នៅឃុំវិហារសួគ៌, ឃុំសន្លុង, ឃុំស៊ីធរ, ឃុំកំពង់ចំលង, ឃុំជ័យធំ និងឃុំកោះឧកញាតី។

អំណោយដែលនាំទៅប្រគល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ត្រីខកំប៉ុង១យួរ, ទឹកស៊ីអុីវ១យួរ, ទឹកត្រី១យួរ, សៀងផ្អែម ១យួរ, ថវិកាឧបត្ថម្ភ ១០០,០០០រៀល។

ក្នុងនោះផងដែរ លោកអភិបាល និងលោកស្រី បានឧបត្ថម្ភសំលៀកបំពាក់សម្រាប់កុមារតូចៗចំនួន ៤៩នាក់ ក្នុងម្នាក់ៗ ទទួលបាន ១កំប្លេរ។

លោកអភិបាលស្រុកបានថ្លែងថា ការនាំយកអំណោយមកផ្តល់ជូនគ្រួសារងាយរងគ្រោះទាំងអស់ឱ្យបានភ្លាមៗនេះដែរ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋឱ្យ​បានទាន់​ពេលវេលា និងជាសក្ខីភាពក្នុងការចូលរួមចំណែកកាត់បន្ថយការលំបាក របស់បងប្អូនបានមួយគ្រាជាដើម។

ជាមួយគ្នានោះលោកអភិបាលស្រុក ក៏បានរំលឹកណែនាំដល់ប្រជាពលរដ្ឋឱ្យចេះថែរក្សាសុខភាពឱ្យបានល្អ ត្រូវមានអនាម័យក្នុងការរស់នៅ ដោយលាងដៃជាមួយសាប៊ូជា​និច្ច​មុននឹងបរិភោគ ត្រូវពិសាទឹកឆ្អិនដាំពុះ ឬទឹកស្អាត ហើយត្រូវរួសរាន់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់​ពេលវេលាក្នុងករណីដែលមានជំងឺឈឺស្កាត់ផ្សេងៗ តាមរយៈការជួបពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់៕