(ស្វាយរៀង)៖ ប្រជាពលរដ្ឋប្រមាណ ៤០០គ្រួសារ រស់នៅក្នុងភូមិព្រៃព្រែក និងភូមិជ្រុងពពេល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង បានអំពាវនាវឱ្យអាជ្ញាធរខេត្ត ក្រសួង មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីសាធារណការ និងដឹកជញ្ជូន ខេត្ត មេត្តាចុះពិនិត្យស្ថាបនាស្ពានថ្មមួយកន្លែងប្រវែងជាង ៣០ម៉ែត្រ ឆ្លងកាត់ព្រែក ដើម្បីឱ្យប្រជាពលរដ្ឋពីរភូមិ បានធ្វើដំណើរ និងសម្រួលការដឹកកសិផលកសិកម្ម ក៏ដូចសម្រួលដល់សេដ្ឋកិច្ចសង្គម នៅតាមជនបទឱ្យបានល្អប្រសើរ ជាពិសេសពេលសមាជិកគ្រួសារមានជំងឺ ឬគ្រប់ខែឆ្លងទន្លេត្រូវការរថយន្ដសង្គ្រោះបន្ទាន់។

បើតាមស្ត្រីម្នាក់រស់នៅក្នុងភូមិព្រៃព្រែក បានឱ្យដឹងថា «កាលពីដើមឡើយព្រែកនេះ មានទឹកជ្រៅ ក្នុងរដូវវស្សា ហើយប្រជាពលរដ្ឋឆ្លងកាត់ គឺត្រូវហែលទឹកបន្ទាប់មកទៀត បានធ្វើក្បូនទាយឆ្លង និងក្រោយៗមកទៀត ក៏មានព្រះសង្ឃ ប្រជាពលរដ្ឋទាំងពីរភូមិ បានដឹកនាំចលនាប្រជាពលរដ្ឋក្នុងភូមិ កាប់ដើមឈើកសាងស្ពានឈើឆ្លងកាត់ព្រែក ដែលមានទទឹង ២ម៉ែត្រ និងបណ្ដោយប្រវែងជាង ៣០ម៉ែត្រ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទៅមកទាំងពីរភូមិនេះ គឺភូមិព្រៃព្រែក និងភូមិជ្រុងពពែល ដើម្បីដឹកកសិផលកសិកម្ម ទៅកាន់ទីផ្សារ និងឱ្យសិស្សានុសិស្សធ្វើដំណើរទៅសាលារៀនផងដែរ»

ប្រភពដដែល បានបន្តថា នៅពេលបច្ចុប្បន្នស្ពានព្រៃព្រែកនេះ គឺមានសភាពចាស់ទ្រុឌទ្រោម ឈើពុក ទើបធ្វើឱ្យមានការភ័យខ្លាចបាក់រលំ ឬក្មេងជិះម៉ូតូ ឬកង់អាចនឹងធ្លាក់ផុងចូលទឹក បង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ជាពិសេសការដឹកឥវ៉ាន់ធ្ងន់ៗ និងការធ្វើដំណើរពេលយប់ពិតជាលំបាកខ្លាំងណាស់ ហើយមិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលសមាជិកគ្រួសារមានជំងឺ ឬឆ្លងទន្លេត្រូវការរថយន្ដសង្គ្រោះបន្ទាន់នោះ គឺកាន់តែពិបាកថែមទៀត។

ពាក់ព័ន្ធនឹងករណីនេះ លោកអភិបាលស្រុករមាសហែក បានឱ្យដឹងថា «លោកបានទទួលសំណើររបស់ប្រជាពលរដ្ឋ ហើយលោកនឹងស្នើទៅមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រួចរាល់ហើយ ក្នុងនោះលោកប្រធានមន្ទីរនឹងឱ្យមន្រ្តីបច្ចេកទេសចុះពិនិត្យនៅសប្ដាហ៍ក្រោយនេះ ដើម្បីលើកគម្រោងស្នើសុំទៅលោកអភិបាលខេត្តបន្តផងដែរ»