(បន្ទាយមានជ័យ)៖ ផ្លូវតេតុង១ខ្សែ មានប្រវែងជាង ៤គីឡូម៉ែត្រ តភ្ជាប់ពីភូមិតាទង់ ក្នុងសង្កាត់ព្រះពន្លា ទៅភូមិអង្គាបុស្ស សង្កាត់កោះពង់សត្វ ក្រុងសិរីសោភ័ណ ត្រូវបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ ដែលជាអំណោយរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោកភរិយា។

ពិធីបើកការដ្ឋាននេះ ធ្វើឡើងក្រោមអធិបតីភាពលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោក ហុឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ព្រមទាំងមានការចូលរួមពីមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។

បើតាមលោក អ៊ុំ រាត្រី បានបញ្ជាក់ថា ផ្លូវតេតុង ១ខ្សែនេះ នឹងត្រូវស្ថាបនាឱ្យរួចរាល់ មុនរដូវវស្សាចូលមកដល់។

លោកអភិបាលខេត្តបានថ្លែងថា ប្រជាពលរដ្ឋនៅក្នុងសង្កាត់ទាំង២នេះកន្លងមក បានជួបការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរទៅមក បន្ទាប់ពីផ្លូវ១ខ្សែនេះ បានរងការខូចខាតដោយទឹកជំនន់វាយបុកកន្លងមក ទើបក្រុមការងារគណបក្សចុះជួយខេត្តបន្ទាយមានជ័យ ដែលមានឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជាប្រធានសម្រេចបើកការដ្ឋានចាក់ផ្លូវបេតុង ដើម្បីសម្រួលចរាចរណ៍ឱ្យងាយស្រួលឡើង ដើម្បីឱ្យប្រពលរដ្ឋនៅក្នុងសង្កាត់ទាំង២នេះ បានធ្វើចរាចរណ៍ទៅមកឱ្យបានស្រួល ជាពិសេសយកអ្នកជំងឺទៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលាផងដែរ។

នាឱកាសបើកការដ្ឋានស្ថាបនាផ្លូវនេះដែរ លោក អ៊ុំ រាត្រី ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវខិតខំជំរុញការងារឱ្យសម្រេចរួចរាល់ តាមផែនការដែលបានកំណត់។

ក្នុងថ្ងៃបើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទាំង២ នៃក្រុងសិរីសោភ័ណ បានគោរពថ្លែងអំគុណយ៉ាងជ្រាលជ្រៅដល់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកភរិយា ដែលបានយកចិត្តទុក ដាក់គិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅប្រជាពលរដ្ឋ គឺពួកគាត់បានលើកឡើងព្រមៗគ្នាថា «មានផ្លូវពិតជាមានក្តីសង្ឃឹម»៕