(កណ្ដាល)៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ លោក ចាន់ តារា ប្រធាន ស.ស.យ.ក ស្រុកខ្សាច់កណ្ដាល បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក ស្រុក-ឃុំ សហការជាមួយអាជ្ញាធរភូមិ-ឃុំ ចូលរួមដាំកូនឈើចំនួន ២០០ដើម និងសម្អាតបរិស្ថាន នៅក្នុងបរិវេណវត្តព្រែកអំពិល វត្តកន្ទីយ៉ារាម វិទ្យាល័យព្រែកលួង និងនៅតាមបណ្តោយផ្លូវជាតិលេខ ៧០B ស្ថិតក្នុងឃុំព្រែកអំពិល និងឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នៅក្នុងឱកាសនេះ លោក ចាន់ តារា បានណែនាំដល់សមាជិកសមាជិកាទាំងអស់ឲ្យចូលរួមស្រឡាញ់បរិស្ថាន ថែទាំបរិស្ថាន និងចូលរួមផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឲ្យរួមគ្នាក្នុងការសម្អាតបរិស្ថាន ស្រលាញ់ធម្មជាតិ ដោយដាំដើមឈើឲ្យបានច្រើន និងជៀសវាងរាល់ការបំពុលបរិស្ថានតាមរូបភាពនានាជាច្រើនដូចជា ការបោះសម្រាមចោលផ្តេសផ្តាស ការដុតសំរាម ឬក៏ការធ្វើអោយកង្វក់នៅក្នុងមូលដ្ឋានជាដើម ដែលជាមូលដ្ឋាន នៃការបង្កើតឲ្យមាននូវមូសខ្លាឬក៏ភាពកខ្វក់ជាដើម។

ជាមួយគ្នានេះ លោកប្រធាន បានស្នើដល់បងប្អូនប្រជាពលរដ្ឋសូមមានការយកចិត្តទុកដាក់ នៅក្នុងការចូលរួមក្នុងការដាំដើមឈើឲ្យបានច្រើន ហើយការចូលរួមរៀបចំអនាម័យនៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យមានសណ្ដាប់ធ្នាប់ពិសេសកុំចោលសំរាមផ្ដេសផ្ដាស កុំដុតសំរាមដែលមានបន្សល់នូវប្លាស្ទីក ដែលនាំឲ្យកង្វក់បរិយាកាសខ្យល់ដកដង្ហើម និងបង្កជំងឺផ្សេងៗហើយរួមគ្នាឈរលើតាអនាម័យដើម្បីសុខភាពល្អទាំងអស់គ្នា។

ជាមួយគ្នានេះលោក ចាន់ តារា ក៏បានថ្លែងបន្តថា សកម្មភាពនៃការចូលរួមថែទាំបរិស្ថាន ក៏ដូចជាការដាំដើមឈើនេះ នៅតែបន្តធ្វើជាដំណាក់កាលៗ ធ្វើយ៉ាងណាដើម្បីបំផុសចលនាឲ្យប្រជាពលរដ្ឋស្រលាញ់បរិស្ថាន និងស្រឡាញ់ធម្មជាតិឲ្យបានកាន់តែច្រើន រួមគ្នាបង្កើនសោភ័ណភាព ធ្វើឲ្យស្រុកខ្សាច់កណ្ដាលនេះ មានបរិស្ថានស្អាត មានសុខភាពល្អ និងមានអនាម័យ ៕