(ភ្នំពេញ)៖ និស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំពិធីសំណេះសំណាល និងអាហារសាមគ្គី អបអរខួបអនុស្សាវរីយ៍ លើកទី៥ នៃថ្ងៃបង្កើតសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន (១១ ឧសភា ២០១៧ - ១១ ឧសភា ២០២២) ក្រោមអធិបតីភាពលោក យ៉ក់ ងុយ រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក Lin Ruihua ទីប្រឹក្សាវប្បធម៌នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។

ក្នុងពិធីនេះ ក៏មានអ្នកក្រុមហ៊ុនចិន សមាគមចិន មិត្តចិន បងប្អូនអតីតនិស្សិត និងនិស្សិត ចូលរួមសរុបប្រមាណ២៣០នាក់ ដែលបានរៀបចំនៅទីស្នាក់កណ្តាលសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។

កញ្ញា ហោ រស្មី ប្រធានសមាគមនិស្សិតអាណត្តិទី៥ បានអានរបាយការណ៍សកម្មភាព និងសមិទ្ធិផលសមាគមនិស្សិត នាពេលកន្លងមក។ កញ្ញាក៏បានបញ្ចេញចំណាប់អារម្មណ៍ទាក់ទង នឹងការសិក្សាតាមអនឡាញ នៅក្នុងស្រុករបស់និស្សិតរយៈពេល៥ឆមាសកន្លងមកនេះ និងបានលើកទឹកចិត្តនិស្សិតខ្មែរឲ្យតស៊ូ ព្យាយាមបន្តការសិក្សាទៅមុខទៀត ដើម្បីអនាគតខ្លួនឯងផង និងដើម្បីចូលរួមជាចំណែកមួយក្នុងការកសាងប្រទេសជាតិយើងផង។

លោក អ៊ុ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិត បានលើកឡើងអំពីប្រវត្តិនៃការបង្កើតសមាគមនិស្សិតនេះឡើង ជាមួយនឹងស្នាដៃ និងសមិទ្ធិផលមួយចំនួន ជាពិសេសការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការរួមចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជាចិននៃសមាគមនិស្សិត។

ជាមួយគ្នានេះដែរ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានរំលេចអំពីតួនាទីរបស់សមាគមដែលបាន និងកំពុងអនុវត្ត៖

១៖ ជួយសម្របសម្រួល និងដោះស្រាយបញ្ហាការសិក្សា និងការរស់នៅរបស់និស្សិតនៅប្រទេសចិន
២៖ ចូលរួមចំណែកលើកស្ទួយ និងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរនៅប្រទេសចិន
៣៖ ចូលរួមផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ និងឱកាសវិនិយោគផ្សេងៗនៅកម្ពុជា ជូនប្រជាជនចិន និងនិស្សិតបរទេស សិក្សានៅប្រទេសចិន
៤៖ ផ្សព្វផ្សាយ និងស្វែងរកអាហារូបករណ៍ជូនបងប្អូនយុវជននិស្សិតនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើននិស្សិតកម្ពុជាមកសិក្សានៅប្រទេសចិន
៥៖ ចូលរួមចំណែកពង្រឹងសមត្ថភាពបងប្អូននិស្សិត ( វគ្គសិក្សាស្រាវជ្រាវផ្សេងៗ)
៦៖ ដឹកនាំសម្របសម្រួលបងប្អូននិស្សិតចូលរួមសកម្មភាពជាមួយនិស្សិតអាស៊ាន និងបណ្តាលប្រទេសផ្សេងៗ នៅប្រទេសចិន។
៧៖ ស្វែងរកឱកាសការងារ និងកម្មសិក្សាជូននិស្សិតដែលបានបញ្ចប់ការសិក្សាពីប្រទេសចិន
៨៖ សម្របសម្រួលបងប្អូននិស្សិតចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំ ពេលមកទស្សនកិច្ចនៅប្រទេសចិន
៩៖ ចូលរួមធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗ នៅក្នុងប្រទេសកម្ពុជា
១០៖ ចូលរួមតម្រង់ទិស និងការលើកទឹកចិត្តដល់សិស្ស និស្សិតនៅតាមបណ្តាលវិទ្យាល័យ វិទ្យាស្ថាន និងសាកលវិទ្យាល័យ នៅក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើសិក្ខាសាលា។

លោក អ៊ុ វុទ្ធទី ក្នុងនាមស្ថាបនិកសមាគមនិស្សិត ក៏បានរំលឹកដឹងគុណចំពោះការចិត្តទុក្ខដាក់ ការគាំទ្រ និងការឧបត្ថម្ភរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា លោកបណ្ឌិត ហ៊ុន ម៉ាណែត ស្ថានទូតចិនប្រចាំកម្ពុជា ស្ថានទូតកម្ពុជាប្រចាំប្រទេសចិន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីទ្រទ្រង់សកម្មភាពរបស់សមាគមនិស្សិតនាពេលកន្លងមកនេះ។

លោក Lin Ruihua ទីប្រឹក្សាវប្បធម៌នៃស្ថានទូតចិនប្រចាំកម្ពុជា បានលើកសរសើរអំពីសមាគមនិស្សិត ដែលបង្កើតដោយយុវជនមួយក្រុម ដែលពោរពេញដោយភាពស្វាហាប់រស់រវើក និងភាពក្លាហាន ក្នុងការច្នៃប្រឌិត។

លោកបានឲ្យតម្លៃខ្ពស់ទៅលើសមាគមនិស្សិត ដែលកំពុងក្លាយជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាជាបណ្តើរៗហើយ ជាអ្នកកសាង និងជាអ្នកជំរុញទំនាក់ទំនងមិត្តភាព ចិន-កម្ពុជា ក្នុងសករាជថ្មី។

លោកក៏បានពាំនាំការយកចិត្តទុកដាក់យ៉ាងខ្ពស់ ពីសំណាក់មេដឹកនាំចិន និងកម្ពុជា ការគាំទ្រដល់ការងាររបស់សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន និងជំរុញការផ្លាស់ប្តូររវាងយុវជននៃប្រទេសទាំងពីរ ជួយដល់សហគ្រិនវ័យក្មេង និងបានសន្យាថា នឹងបន្តបង្កើតឱកាសបន្ថែមទៀតសម្រាប់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិន។

ទន្ទឹមនឹងនោះ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនសង្ឃឹមថា សមាគមនិស្សិតនឹងរៀបចំសកម្មភាពបន្ថែមទៀត ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌រវាងចិន និងកម្ពុជា ព្រមទាំងរួមចំណែកក្នុងការបន្ត លើកកម្ពស់ការយល់ដឹង និងមិត្តភាពរវាងប្រជាជនទាំងពីរ។

លោក យ៉ក់ ងុយ បានពាំនាំនូវសារ អបអរសាទរពីសំណាក់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន។ លោកបានលើកឡើងអំពីសារៈសំខាន់ នៃការបង្កើតសមាគមនិស្សិត ព្រោះសមាគមជាអ្នកដើរតួនាទី យ៉ាងសំខាន់ ក្នុងការរិតចំណងសាមគ្គីភាពរវាង និស្សិតកម្ពុជាទាំងអស់ ដែលកំពុងស្នាក់នៅ និងសិក្សា នៅប្រទេសចិន ហើយតាមរយៈសមាគមនេះ និស្សិតដែល ទើបទទួលបានអាហារូបករណ៍ថ្មី ត្រៀមចេញទៅសិក្សានៅប្រទេសចិន អាចស្វែងយល់ព័ត៌មានបន្ថែមអំពីការរៀបចំឯកសារមុនចេញទៅសិក្សា ការធ្វើដំណើរចេញទៅសិក្សា ការរស់នៅការសិក្សា និងបទពិសោធន៍ក្នុងពេលកំពុងសិក្សា និងក្រោយពេលបញ្ចប់ការសិក្សា។

លោកបានថ្លែងគាំទ្រ និងជំរុញឲ្យសមាគមបន្តសកម្មភាពការងាររបស់ខ្លួនបន្ថែមទៀត ដូចជាការផ្សព្វផ្សាយព័ត៌មាន ឲ្យបានទូលំទូលាយថែមទៀត ដើម្បីឲ្យនិស្សិតកម្ពុជាទាំងអស់ ទាំងនិស្សិតអាហារូបករណ៍ និងនិស្សិតបង់ថ្លៃ ដែលទៅសិក្សានៅប្រទេសចិន បានស្គាល់ និងចូលរួមចុះឈ្មោះជាសមាជិករបស់សមាគម។ ការផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយប្រជាជនចិន ជាពិសេសអ្នកវិនិយោគិន ដែលមានបំណង និងកំពុងធ្វើវិនិយោគនៅកម្ពុជា។

លោកក៏បានចែករំលែកសុខទុក្ខ និងបទពិសោធន៍ចំពោះសមាជិកដែលជួបប្រទះការលំបាក ឬមានបញ្ហា ក្នុងការសិក្សា និងស្នាក់នៅក្នុងប្រទេសចិន ដើម្បីជួយនិស្សិតទាំងអស់ ឲ្យបានរៀនចប់ចុងចប់ដើម ដោយជោគជ័យ និងយកចំណេះដឹងទាំងនោះ រួមអភិវឌ្ឍន៍ប្រទេសជាតិ។ ចែករំលែក និងផ្តល់ព័ត៌មានជូន ក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នផ្សេងទៀតដែលពាក់ព័ន្ធ ក្នុងករណីដែលមានបញ្ហាកើតឡើង ប៉ះពាល់ដល់និស្សិតយើង (ដូចករណីការផ្ទុះឡើងនូវជំងឺកូវីដ១៩ ជាដើម)។

លោកក៏បានថ្លែងនូវអំណរគុណ ចំពោះរដ្ឋាភិបាលនៃប្រទេសចិន ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា និងនៅតែបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងសូមអរគុណចំពោះប្រធានក្រុមប្រឹក្សាភិបាល ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំពិធីគម្រប់ខួប៥ឆ្នាំនេះឡើង៕