(ភ្នំពេញ)៖ ក្រុមយុវជនជ័យលាភី៥នាក់ បានអះអាងថា ការដំឡើងពន្ធថ្នាំជក់ មិនមែនជាមូលហេតុនាំឱ្យមានបារីគេចពន្ធនោះទេ ផ្ទុយទៅវិញគឺជាការចូលរួមចំណេញ ជួយដល់រាជរដ្ឋាភិបាល ទាំងការប្រមូលចំណូលពន្ធរដ្ឋ សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចប្រទេស និងកាត់បន្ថយការស្លាប់របស់ប្រជាពលរដ្ឋ ដោយសារការប្រើប្រាស់ថ្នាំជក់។

ក្រុមយុវជនជ័យលាភីទាំង ៥នាក់រួមមាន៖ បេក្ខជន ហេង សុភារម្យ, បេក្ខជន ប៉ៃលិន លក្ខិណា, បេក្ខជន រ័ត្ន ច័ន្ទនេត្រ, បេក្ខជន លី រតនា និងបេក្ខជន ស៊ិម ស្រីលៀប បានអះអាងដូចនេះ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅក្នុងកម្មវិធីប្រកួតនិយាយសាធារណៈ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោមប្រធានបទ «វិធាការតំឡើងពន្ធថ្នាំជក់» ដែលបានរៀបចំឡើងដោយសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត សហការជាមួយអង្គការអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) ដែលបានធ្វើឡើងក្រោមវត្តមាន លោកសាស្ត្រាចារ្យ អ៊ាន ហ្វីនលេ សាលកវិទ្យាធិការនិងអនុអធិបការបតីនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។

ក្រុមយុវជន បានអះអាងទៀតថា ការដំឡើងពន្ធថ្នាំជក់មិនមែនជាមូលហេតុនាំឱ្យមានបារីគេចពន្ធនោះទេ ពោលគឺមតិដែលថាការដំឡើងពន្ធថ្នាំជក់ធ្វើឱ្យមានបារី គេចពន្ធ គ្រាន់តែជាការលើកឡើង របស់ក្រុមហ៊ុនថ្នាំជក់ ដើម្បីបំភ័ន្តមហាជន និងអ្នកបង្កើតគោលនយោបាយ ក្នុងគោលបំណងរារាំងកុំឱ្យមានការដំឡើងពន្ធតែប៉ុណ្ណោះ។

ការដំឡើងពន្ធថ្នាំជក់មានអត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ ពោលគឺ រដ្ឋាភិបាលនឹងចំណេញទាំងចំណូលពន្ធរដ្ឋ សម្រាប់ជួយទ្រទ្រង់ សេដ្ឋកិច្ចប្រទេស ជាពិសេស បន្ទាប់ពីការចំណាយដ៏ច្រើនក្រាស់ក្រៃសម្រាប់ការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយការដំឡើងពន្ធថ្នាំជក់ក៏ជួយឱ្យអត្រាឈឺ ស្លាប់ ដែលបង្កពីការប្រើប្រាស់ថ្នាំជក់ថយចុះ ព្រមទាំងរួមចំណែកជួយការពារបរិស្ថានពីការផលិត និងប្រើប្រាស់ថ្នាំជក់ផងដែរ។

ក្រុមយុវជន បានបញ្ជាក់ទៀតថា តាមការស្រាវជ្រាវរបស់ UNDP បានបញ្ជាក់ថា បើប្រទេសកម្ពុជា ដំឡើងពន្ធរហូតដល់ ៧៥% នៃតំលៃបារីលក់រាយតាមអនុសាសន៍ របស់អង្គការសុខភាពពិភពលោក និងធនាគារពិភពលោក កម្ពុជានឹងទទួលពន្ធចំណូលបន្ថែម ២៣៥លានដុល្លារសហរដ្ឋក្នុងរយៈពេល៥ឆ្នាំខាងមុខ និង ៩៣៣លានដុល្លារ សហរដ្ឋក្នុងរយៈពេល ១៥ឆ្នាំខាងមុខ និងជួយកាត់បន្ថយអត្រាស្លាប់ ឈឺ និងពិការភាពរបស់ប្រជាពលរដ្ឋថែមទៀតផង នេះជាការលើកឡើងបន្ថែមរបស់បេក្ខជន។

ក្រុមយុវជនទាំង៥នាក់ បានបញ្ជាក់ទៀតថា ការប្រើប្រាស់ផលិតផលថ្នាំជក់ ជាបន្ទុកមួយសម្រាប់រដ្ឋាភិបាលដោះស្រាយ ដោយសារការប្រើប្រាស់ ផលិតផលថ្នាំ ជក់ បង្ក ឱ្យប្រជាពលរដ្ឋ ឈឺ ស្លាប់ ពិការ ដែលក្នុងនោះប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥ ០០០បានស្លាប់ដោយសារតែការជក់បារី។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ថ្នាំជក់ ធ្វើឱ្យខាត បងថវិកា ប្រមាណ ៦៤៩លានដុល្លារអាមេរិក ដែលស្មើនឹង ៣ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាផងដែរ៕