(បាត់ដំបង)៖ ដោយមានការចង្អុរណែនាំ ពីលោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ ក្រុមល្បាតចល័តត្រួតពិនិត្យ អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក របស់នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលដឹកនាំដោយលោក វរសេនីយ៍ទោ ហ៊ុយ ច័ន្ទពិសិដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈបានចុះល្បាតចល័ត ត្រួតពិនិត្យ ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅផ្លូវជាតិលេខ៥ ក្នុងភូមសាស្រ្ត ឃុំគារ ស្រុកម៉ោងឬស្សី ខេត្តបាត់ដំបង។

នៅក្នុងការចុះត្រួតពិនិត្យនេះ កម្លាំងរបស់លោក ក៏បានធ្វើការត្រួតពិនិត្យ និងឃាត់រថយន្តល្មើសមួយចំនួន ដែលនៅតែបន្តដឹកទំនិញ សំពីងសំពោង ដឹកលើសចំណុះ និងខុស លក្ខណៈបច្ចេកទេស ហើយក៏បានឲ្យម្ចាស់រថយន្តទាំងនេះធ្វើកិច្ចសន្យានិងឈប់បន្ត ដឹកទំនិញ សំពីសំពោង ដឹកលើសចំណុះតទៅទៀត។

ទន្ទឹមនឹងនេះលោកវរសេនីយ៍ទោ ហ៊ុយ ច័ន្ទពិសិដ្ឋ ក៏បានអំពាវនាវដល់បងប្អូនម្ចាស់រថយន្តទាំងអស់ សូមចូលរួមគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដង ផ្លូវឲ្យបានកម្រិតទាបបំផុត៕