(អាមេរិក)៖ បេក្ខជនប្រធានាធិបតអាមេរិក ដែលកំពុងនាំមុខគេក្នុងគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំភ៍ (Donald Trump) បានហៅប្រទេសចិនថា ជាចោរកំពុងប្លន់សហរដ្ឋអាមេរិក ដោយក្នុងនោះលោក ក៏បានរិះគន់ចំៗមកលើនយោបាយពាណិជ្ជកម្មរបស់ចិនផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រលប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦។

នៅក្នុងការថ្លែងទាក់ទាញអ្នកគាំទ្រក្នុងរដ្ឋ Indiana លោក ត្រាំភ៍ បានវាយប្រហារទៅលើប្រទេស ចិនទៀតថា មហាយក្សអាស៊ីមួយនេះ ត្រូវតែទទួលខុសត្រូវ ព្រោះខ្លួនបានក្លាយជា «មហាចោរ ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់សកលលោក» ទៅហើយ។ «យើងមិនអនុញ្ញាតឲ្យចិន ឆក់ប្លន់ប្រទេសយើងទៀតទេ ហើយនេះគឺជាអ្វីដែលយើងកំពុងតែធ្វើ»

គួរបញ្ជាក់ថាលោក ត្រាំភ៍ ដែលជាមហាសេដ្ចី និងពាណិជ្ជករដ៏ធំមួយនៃទីក្រុងញូយ៉ក សហរដ្ឋអាមេរិក កន្លងមកតែងតែធ្វើការរិះគន់ ចំពោះនយោបាយក្រឡុករូបិយប័ណ្ណរបស់ចិន ដើម្បីធ្វើឲ្យការនាំចេញរបស់ប្រទេសនេះ កាន់តែមានប្រៀបជាងគេនៅលើសកលលោក។ ហេតុ ដូច្នេះបេក្ខជនប្រធានាធិបតីខាងលើបានសន្មត់ថា វាជាការបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ ពាណិជ្ជកម្ម និង អ្នកបម្រើការងារនានានៅសហរដ្ឋអាមេរិក៕