(ស្ទឹងត្រែង)៖ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា នាល្ងាចថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៦នេះ ចរន្តអគ្គិសនីនៅខេត្តស្ទឹងត្រែង ត្រូវបានកាត់ផ្តាច់ទូទាំងខេត្ត ដោយសារខ្យល់ភ្លៀងកន្ត្រាក់រលំដើម ឈើដាច់ខ្សែភ្លើងនៅប្រទេសឡាវ ដែលជាប្រភពតែមួយគត់ផ្គត់ផ្គង់ភ្លើងពីប្រទេសឡាវ មកកាន់ខេត្តស្ទឹងត្រែង។

ប្រមុខអគ្គិសនីកម្ពុជារូបនោះបានបញ្ជាក់ថា ការដាច់ចរន្តអគ្គិសនីនេះអាចអូសបន្លាយទៅដល់ព្រឹកថ្ងៃស្អែក ដោយសារភាគីខាងប្រ ទេសឡាវ មិនទាន់មានជំនាញណាធ្វើការជួសជុលនៅឡើយនោះទេ ដោយការដាច់ខ្សែភ្លើងនេះនៅស្ថិតចំណុចក្បែរព្រំដែនរបស់ ឡាវ។  

ពាក់ព័ន្ធនឹងបញ្ហានេះលោក កែវ រតនៈ បានបន្តទៀតថា ការដាច់ចរន្តអគ្គិសនីទូទាំងខេត្តស្ទឹងត្រែងនេះ ដោយសារស្ទឹងត្រែងទាំង មូលទទួលបណ្តាញចរន្តអគ្គិសនីតែមួយគត់ ពីប្រទេសឡាវ ហើយខេត្តស្ទឹងត្រែងមិនទាន់តភ្ជាប់បណ្តាញ អគ្គិសនីរបស់ជាតិនោះទេ នៅពេលបច្ចុប្បន្ន។

ប្រមុខអគ្គិសនីកម្ពុជា លោក រតនៈ បានអះអាងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បាននឹងកំពុងសាងសង់បណ្តាញតភ្ជាប់ពីខេត្តក្រចេះ ទៅស្ទឹងត្រែង ដើម្បីឲ្យខេត្តស្ទឹងត្រែង អាចមានចរន្តអគ្គិសនីប្រើប្រាស់បណ្តាញជាតិ ហើយការតភ្ជាប់បណ្តាញជាតិនេះ អាចនឹង រួចរាល់នៅឆ្នាំក្រោយ។

សូមបញ្ជាក់ថា នៅពេលនេះអគ្គិសនីនៅខេត្តស្ទឹងត្រែងទាំងមូល ត្រូវបានកាត់ផ្តាច់ទូទាំងខេត្ត ហើយអាចអូសបន្លាយរហូតដល់ព្រឹក ថ្ងៃស្អែក៕