(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលការិយាល័យ «ក៧» នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្ដបន្ទាយមានជ័យនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀនដ៏ធំមួយ នៅចំណុចតាមដងផ្លូវជាតិលេខ៥ កែងផ្លូវចូលស្ដង់តាងួន ស្ថិតក្នុងភូមិបាលិយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដកហូតថ្នាំជិត១គីឡូក្រាម និងវត្ថុតាងមួយចំនួនទៀត។

ជនសង្ស័យទាំង២នាក់ខាងលើមានឈ្មោះ៖ ទី១ឈ្មោះ វ៉ាន់ ប៊ុនធឿន ហៅវុធ អាយុ៥៣ឆ្នាំ និង ទី២ឈ្មោះ ឈិន វណ្ណៈ អាយុ៤០ឆ្នាំ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

សូមរំលឹកថា ករណីជួញដូរ និងចែកចាយគ្រឿងញៀននេះ បាននិងកំពុងតែកើនឡើងយ៉ាងខ្លាំង ទោះបីជាមានការចុះបង្ក្រាបពីសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចមូលដ្ឋានយ៉ាងណាក៏ដោយ ជាក់ស្ដែង កាលពីថ្ងៃទី២៧ ខែមេសា ថ្មីៗនេះ មានការចុះបង្រ្កាបអំពើជួញដូរគ្រឿងញៀនមួយ នៅក្នុងខណ្ឌទួលគោក ដោយមានការផ្ទុះអាវុធដ៏កក្រើកពេញទីក្រុងភ្នំពេញ ដែលបណ្ដាលឱ្យមន្រ្តីអាវុធហត្ថម្នាក់បានស្លាប់និងមេជួញដូរគ្រឿងញៀនម្នាក់ផងដែរត្រូវបានបាញ់ស្លាប់៕