(បន្ទាយមានជ័យ)៖ ភ្លៀងធ្លាក់១មេធំ បានបង្អុរយ៉ាងខ្លាំងនៅលើទឹកដី ខេត្តបន្ទាយមានជ័យ ជាពិសេសនៅជាយដែនប៉ោយប៉ែត អស់រយះពេលជាច្រើនម៉ោង តាំងពីម៉ោងជាង១១ព្រឹក រហូតដល់រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ បានធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះសប្បាយចិត្តយ៉ាងខ្លាំង ពីព្រោះបានទឹកប្រើប្រាស់ឡើងវិញ ក្រោយពីស្ថានភាពដាច់ទឹកនៅខេត្តមួយនេះ បាននិងកំពុងជួបប្រទះយ៉ាងធ្ងន់ធ្ងរ។

ប្រជាពលរដ្ឋ និងមន្រ្តីសមត្ថកិច្ច បានឲ្យដឹងថា មុនដំបូងគេសង្កេតឃើញផ្ទៃមេឃស្រទំ និងពពកខ្មៅអួរអាប់រយះពេលប្រហែលជាកន្លះម៉ោង បន្ទាប់មកទើបបណ្តាលឲ្យមានភ្លៀងធ្លាក់១មេធំ លាយឡំ និងមានខ្យល់បោកបក់ ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់អ្វី ជាយថាហេតុដល់ពលរដ្ឋធ្ងន់ធ្ងរនោះឡើយ។

ប្រជាពលរដ្ឋ បានលើកឡើងថា ខណៈដែលពួកគាត់ឃើញ មានមេឃធ្លាក់ភ្លៀង១មេយ៉ាងធំបែបនេះ ធ្វើឲ្យពួកគាត់មានការត្រេកអរ និងសប្បាយចិត្តយ៉ាងខ្លាំង ព្រោះក្នុងរយះពេលប្រមាណមួយរយះនេះ នៅទូទាំងប្រទេស ជាពិសេសខេត្តបន្ទាយមានជ័យ មានភាពរីងស្ងួត។

ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ នៅតាមតំបន់ដាច់ស្រយ៉ាលមួយចំនួន កំពុងជួបនូវបញ្ហាកង្វះទឹកប្រើប្រាស់ជាប្រចាំថ្ងៃ ហើយអាជ្ញាធររួមទាំងកម្លាំងសមត្ថកិច្ចមូលដ្ឋាន នៅបន្តខិតខំយកចិត្តទុកដាក់ជួយចាត់ចែងផ្គត់ផ្គង់ យកទឹកចែកចាយជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ទៅតាមតម្រូវការផងដែរ។

យ៉ាងណាក៏ដោយ សម្រាប់បាតុភូតខ្យល់កន្រ្តាក់មួយមេធំនេះ បានធ្វើឲ្យដើមឈើបាក់កាត់ផ្លូវ តែមិនមានសេចក្តីរាយការណ៍ពីការគ្រោះថ្នាក់នោះឡើយ៕